ការនាំចេញ​អង្ករ​របស់​កម្ពុជា បន្ត​ធ្លាក់ចុះ​៦​ភាគរយ រយៈពេល​៧​ខែ​ដើម​ឆ្នាំនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2018 ក+ ក-

​ភ្នំពេញ ៖ តាម​ទិន្នន័យ​ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៨ ការនាំចេញ​អង្ករ​របស់​កម្ពុជា នៅតែ​បន្ត​ធ្លាក់ចុះ​ជាង​៦​ភាគរយ
​ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន និង​កំពុង​ប្រឹងប្រែង​ជំរុញ​ផលិតភាព​ដើម្បី​ធានា​តម្លៃ​ស្រូវ​អង្ករ តាមរយៈ​ការត្រៀម​កញ្ចប់​ថវិកា​ប្រមាណ​៥០​លាន​ដុល្លារ​អាមេរិក​ក្នុងឆ្នាំនេះ រួម​និង​ការបង្កើត​ឃ្លាំង​ស្តុក​ស្រូវ​អង្ករ​យ៉ាងណាក្តី​។​

​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ បានបង្ហាញ​របាយការណ៍​ថា ការនាំចេញ​អង្ករ​របស់​កម្ពុជា នៅក្នុង​ខែ​កក្ត​ដា ឆ្នាំ​២០១៨ កន្លងទៅនេះ មាន​ចំនួន ២​ម៉ឺន​៥​ពាន់ ៥៤៣​តោន គឺ​ធ្លាក់ចុះ ៧.១​ភាគរយ ធៀប​នឹង​ខែ​កក្ត​ដា ឆ្នាំ​២០១៧​។ បើ​គិត​សរុប​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០១៨ វិញ កម្ពុជា​បាន​នាំចេញ​អង្ករ​ចេញ​ចំនួន ២៩​ម៉ឺន ៧​ពាន់ ៨០​តោន ដែល​តួលេខ​នេះ​បញ្ជាក់ថា នៅតែ​បន្ដ​ធ្លាក់ចុះ​ក្នុង​អត្រា ៦,៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ ដែលមាន​ចំនួន ៣១​ម៉ឺន ៥​ពាន់ ៩១៦​តោន ។

​របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា ក្នុង​រយៈពេល​៧​ខែ គិត​ចាប់ពី​ខែមករា​ដល់​ខែកក្កដា​ឆ្នាំ​២០១៨ គឺ​មានតែ​ខែមករា និង​ខែមិថុនា ដែល​ទិន្នន័យ​នាំចេញ​អង្ករ​មាន​សញ្ញា​វិជ្ជមាន​។ ក្នុង​ចំនួន​សរុប​នៃ​អង្ករ​នាំចេញ​រយៈពេល​៧​ខែ​នេះ ប្រភេទ​អង្ករ​ក្រអូប មាន​ច្រើនជាងគេ​រហូតដល់​៧៣.៣៥​ភាគរយ ប្រភេទ​អង្ក​រស​គ្រាប់​វែង មាន​២០.១៧​ភាគរយ និង​ប្រភេទ​អង្ករ​ចំហុយ​គ្រាប់​វែង មាន ៦.៤៨​ភាគរយ​។

​ក្នុងចំណោម​អង្ករ​ដែល​នាំចេញ​ទៅកាន់​ប្រទេស​ចំនួន​៥៩ គឺ​ប្រទេស​ចិន នៅតែ​ជាទី​ផ្សារ​ទី​១​នាំចូល​អង្ករ​របស់​ក​ម្ពុ​ជា បន្ទាប់​គឺ​ប្រទេស​បារាំង និង ប្រទេស​ម៉ាឡេស៊ី​។ ចំពោះ​ការធ្លាក់​តួលេខ​នៃ​ការនាំចេញ​អង្ករ​រយៈពេល​៧​ខែ​នេះដែរ ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ មើលឃើញថា ដោយសារតែ​វិស័យ​ឯកជន​ខ្វះ​ស្រូវ​កិន​ជា​អង្ករ សម្រាប់ធ្វើ​ការនាំចេញ និង​ដោយសារ​រោង​ម៉ាស៊ីនកិនស្រូវ​មិនអាច​ទិញស្រូវ​ស្ដុក​ទុក​បាន​ពេញ​១​ឆ្នាំ​។ ហើយ​កត្តា​ដែល​មិនមាន​ស្រូវ​ស្ដុក​ក្នុង​ការនាំចេញ​ទៀតសោត គឺ​ស្រប​ពេលដែល​ស្រូវស្រាល​កំពុង​ចាប់ផ្តើម​ប្រមូល​ផល​។

​បើតាម​ការលើកឡើងរ​បស់​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ក្នុងស្រុក​ភាគច្រើន យល់ឃើញថា ទោះបីជា​កម្ពុជា​ទទួលបាន​កូតា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន កើនឡើង​ដល់ ៣០​ម៉ឺន​តោន នៅ​ឆ្នាំនេះ​ក្តី ប៉ុន្តែ​បញ្ហា​ឃ្លាំង​ស្ដុក​ស្រូវ ឡស​ម្ងួ​ត និង​បញ្ហា​ហិរញ្ញប្បទាន នៅតែ​ជា​ឧបសគ្គ​សម្រាប់​ការសម្រេចបាន​តាម​ទិសដៅ​កំណត់​របស់​កម្ពុជា​ក្នុងការ​នាំចេញ​អង្ករ​អោយបាន​មួយ​លាន​តោន​ក្នុង​មួយឆ្នាំ​។
​កាល ពី​ឆ្នាំ​២០១៧ បរិមាណ​អង្ករ​នាំចេញ​ក្នុង​ក្របខណ្ឌ​នៃ​ច្រកចេញ​-​ចូល​តែមួយ​សម្រេចបាន​ចំនួន​ត្រឹម​ជាង​៦៣​ម៉ឺន​៥៦៩៧​តោន​។

​គួរ​កត់សំគាល់ថា នៅ​ដើមខែ​សីហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​ឃ្លាំង​ស្តុក​ស្រូវ អោយបាន​គ្រប់គ្រាន់ ខណៈដែល កម្ពុ​ជាមាន​អតិរេក​ស្រូវ​ច្រើនជាង​៥​លាន​តោន ដែល​គិត​ជា​អង្ករ​ស្មើនឹង​ជាង​៣​លាន​តោន រួម​និង​បង្កើន​ឥណទាន​ជា​ទុន​បង្វិល​រហូតដល់​៥០​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​មាន​កញ្ចប់​ថវិកា ពិសេស​របស់​រដ្ឋ​ចំនួន​៤៣​លាន​ដុល្លារ​រួម​និង​មូលនិធិ​ផ្ទាល់​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ​ចំនួន​៧​លាន​ដុល្លារ ដើម្បី​ផ្តល់​ទៅ​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន​កែច្នៃ និង​នាំចេញ​អង្ករ និង​មជ្ឈមណ្ឌល ឬ​អ្នកប្រមូល​ទិញស្រូវ សម្រាប់​ប្រមូល​ទិញស្រូវ​នា​រដូវ​ប្រមូល​ផល​នាពេលខាងមុខ ដើម្បី​ទប់ស្កាត់​កុំអោយ​តម្លៃ​ស្រូវ​របស់​កសិករ​មានកា​រ​ធ្លាក់ចុះ​ទាប​ជាង​ទីផ្សារ​៕​