​កម្ពុជា បង់​ក្លា​ដេ​ស និង​ប៉ា​គី​ស្ថាន រួមគ្នា​ពង្រឹង​ប្រព័ន្ធ​អធិការកិច្ច និង​របប​ហានិភ័យ​ការងារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2018 ក+ ក-

​ភ្នំពេញ ៖ ប្រទេស​កម្ពុជា បង់​ក្លា​ដេ​ស និង​ប៉ា​គី​ស្ថាន នា​ព្រឹក​ថ្ងៃទី​១៧ តុលា ឆ្នាំ​២០១៨​នេះ បាន​សហការគ្នា រៀបចំ​សិក្ខាសាលា​មួយ ចែករំលែក​នូវ ព័ត៌មាន បទពិសោធន៍​ល្អៗ និង ការអនុវត្ត​ថ្មីៗ ក្នុង​ប្រព័ន្ធ​អធិការកិច្ច​ការងារ និង​ធានារ៉ាប់រង​គ្រោះថ្នាក់​ការងារ ក្រោម​គម្រោង បទដ្ឋាន​សង្គម និង​ការងារ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​អភិវឌ្ឍ​ទៅលើ​ក្របខណ្ឌ នៃ​វិស័យ​ការងារ​។​

​នៅក្រោយ​ពិធី​បើក​សិក្ខាសាលា ស្តីពី ប្រព័ន្ធ​អធិការកិច្ច​ការងារ និង​ធានារ៉ាប់រង​គ្រោះថ្នាក់​ការងារ រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា និង​ក្រសួង​ការងារ និង​មុខរបរ​បង់​ក្លា​ដេ​ស និង​នាយកដ្ឋាន​ការងារ និង​អភិវឌ្ឍ​ធនធានមនុស្ស នៃ​ខេត្ត​ពុន​យ៉ាប ប្រទេស​ប៉ា​គី​ស្ថាន នៅ​ក្រុងភ្នំពេញ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន​ថា “​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់​ប្រព័ន្ធ​អធិការកិច្ច​ការងារ ក្រសួង​បាន​កែសម្រួល​បញ្ជី​ត្រួតពិនិត្យ សម្រាប់​ចុះ​ធ្វើ​អធិការកិច្ច​ការងារ និង​ការតាក់តែង​សៀវភៅ​ណែនាំ​សម្រាប់​អធិការ​ការងារ ចុះ​ធ្វើ​អធិការកិច្ច តាមរយៈ​ប្រព័ន្ធ​អធិការកិច្ច​ការងារ​តែមួយ ដោយបាន​សិក្សា​ប្រៀបធៀប និង​បញ្ចូល​ការអនុវត្ត​ល្អ របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា សំដៅ​ពង្រឹងគុណភាព​អធិការកិច្ច​ការងារ​រ​បស់​អធិការ​ការងារ ក៏ដូចជា​ពង្រឹង​នូវ​ការគោរព​លក្ខខណ្ឌ​ការងារ ស្របទៅនឹង​បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន​។

​លោក ម៉ាក ប៊ែ​ក​ម៉េ​ន (Marc Beckmann) ប្រធាន​គម្រោង​បទដ្ឋាន​សង្គម និង​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី បាន​លើកឡើងថា ដើម្បី​ធានា និង​លើកកម្ពស់​លក្ខខណ្ឌ​ការងារ និង​ជីវភាព​រស់នៅ​របស់​ក​ម្មករ​និយោជិត​ឲ្យ​កាន់តែ​ប្រសើរឡើង កម្ពុជា​គួរផ្តោត​លើ​សសរស្តម្ភ​ពីរ គឺ​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​។​

​សូមបញ្ជាក់ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៦​មក ក្នុង​គោលបំណង​ពង្រឹង ភាព​អនុលោម តាម​បទដ្ឋាន​សង្គម និង​ការងារ ដូច​មានចែង​ក្នុង​ច្បាប់ ស្ដីពី ការងារ​កម្ពុជា ឆ្នាំ​១៩៩៧ ដោយមាន​ការជឿទុកចិត្ត ពី​សាធារណជន​សំដៅ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ និង​ដំណើរ​ការល្អ នៃ​ឧស្សាហកម្ម វាយ​ន​ភណ្ឌ និង​កាត់ដេរ​នៅ​កម្ពុជា ដែល​ស្របតាម​គោលនយោបាយ ស្ដីពី មុខរបរ និង​ការងារ និង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឱ្យមាន​និរន្តរភាព​៕