ដី​ស្ថានីយ​រថភ្លើង​ភ្នំពេញ​ជាង​១,៧​ហិកតា​ត្រូវធ្វើ​អនុ​ប​យោ​គជា​ទ្រព្យ សម្បត្តិ​ឯកជន​របស់​រដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖ រដ្ឋាភិបាលកម្ពុជា​បានចេញ​អនុក្រឹត្យ​មួយ​ ដោយ​ធ្វើ​អនុ​ប​យោគ​ដី រា​ជាយ​ស្ម័យ​យាន​រាជធានី​ភ្នំពេញ ដែលមាន​ទំហំ​ដី​ជាង​១,៧​ហិកតា​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​វិញ​។​

​អនុក្រឹត្យ​ស្តីពី​ការធ្វើ​អនុប្រយោគ​ប្តូរ​ចំណាត់ថ្នាក់​ពី​ទ្រព្យ សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មក ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៧​ខែមេសា ឆ្នាំ​២០១៥​ឲ្យ​ដឹងថា​ដី​បឹង​កំប្លោក រា​ជាយ​ស្ម័យ​យាន​កម្ពុជា​នៃ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ស្ថិតនៅ​ផ្លូវ​លេខ​១១០ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​ទំហំ​សរុប​១៧២១០,៩៧​ម៉ែត្រក្រឡា ត្រូវធ្វើ​អនុ​ប​យោ​គជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​វិញ​។​

បើតាម​អនុក្រឹត្យ កន្លែង​ផ្សេងៗ​ដែល​ត្រូវបានធ្វើ​អនុ​ប​យោគ​រួមមាន​ទីស្នាក់ការ​ភូមិ​ពោង ពាយរ បស់​ក្រសួងមហាផ្ទៃ ស្ថិតនៅ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ទំហំ​៧១០​ម៉ែត្រក្រឡា ដី​មួយផ្នែក​រោងចក្រ​ឥដ្ឋ​ទី​១ ចាក់អង្រែលើ​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្ថិតនៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ទំហំ​៥០៦៤០​ហិកតា អគារ​លេខ​១០​អតីត​រដ្ឋ​ភណ្ឌាគារ​របស់​ក្រសួងពាណិជ្ជកម្ម ស្ថិតនៅ​ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំ​ពេ ទំហំ​សុ​រប​៥៥១​ម៉ែត្រ ក្រឡា​។​

អនុក្រឹត្យ​បញ្ជាក់ថា​ការ​លុប​ទីតាំង​ខាងលើ​ចេញពី​បញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិ​រដ្ឋ​ត្រូវ​ស្ថិតនៅក្រោម​ការចាត់ចែង​នីតិវិធី​ដោយក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្រសួង មហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​គាំទ្រ​ឲ្យ​មាន​ការធ្វើ​អនុ​ប​យោគដី​រា​ជាយ​ស្ម័យ​យាន​នោះទេ ដោយ​លោក​ចាត់ទុកថា​នេះ​ជា​ទ្រព្យសម្បត្តិ​មាន​ប្រយោជន៍​សម្រាប់​រដ្ឋ​។ លោក​បន្តថា​កន្លងទៅ រដ្ឋាភិបាល​បានធ្វើ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​ជាតិ​ជាច្រើន តាមរយៈ​ការធ្វើ​អនុ​ប​យោគ ដោយ​បើក​មាន​ការលក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​។​លោក​បាន​បញ្ជាក់ថា​ច្បាប់ ភូមិបាល​កម្ពុជា​មាន​ភា​ព​ខ្វះចន្លោះ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​អនុ​ប​យោគ​ដី​ដែលជា​ទ្រព្យ សម្បត្តិ​រដ្ឋ​។​

​លោក​បញ្ជាក់ថា​«​គួរតែបញ្ឈប់​ការលក់ ផ្ទេរ ឬ​ផ្លាស់ប្តូរ​ដី​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅជា​ទ្រព្យសម្បត្តិ ឯកជន​របស់​រដ្ឋ ដែល​បង្ក​ឱកាស​មាន​មានការ​លក់ បាត់បង់​ទ្រព្យសម្បត្តិរ​បស់​រដ្ឋ​ដែលជា​ផលប្រយោជន៍​ជាតិ​។ ខ្ញុំ​យល់ឃើញថា​គួរតែ​ទុក​(​រា​ជាយ​ស្ម័យ​យាន​)​វិញ ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដែល​មិនអាច​លក់បាន ដើម្បី​កុំ​ឲ្យ​បាត់បង់​ទ្រព្យ សម្បត្តិ​ជាតិ​ដែលជា​ផលប្រយោជន៍​ជាតិ​»​។​

​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន មិនអាច​ទាក់ទង​ដើម្បី​សុំ​ការអត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។​

​យោងតាម​មាត្រា​១៦​នៃ​ច្បាប់​ភូមិបាល​ដែល​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​នៅ ឆ្នាំ​២០០១ ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ នៅពេល​បាត់បង់​ផលប្រយោជន៍​សាធារណៈ អាច​ត្រូវ​ចាត់បញ្ចូល​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​តាមរយៈ​ច្បាប់ អនុ​ប​យោគ​។ ចំណែក​មាត្រា​១៦​ចែងថា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ និង​របស់​នីតិបុគ្គល​សាធារណៈ អាចជា​កម្មវត្ថុ​នៃ​ការលក់ ការដូរ ការបែងចែក​ឬ​ការផ្ទេរសិទ្ធិ​តាម​ការ​កំណត់ដោយ​ច្បាប់​។ ទ្រព្យ​ទាំងនោះ​អាច​ផ្ដល់ឱ្យ​តាមរយៈ​ភតិសន្យា និង​ជា​កម្មវត្ថុ​នៃ​កិច្ចសន្យា ដែល​បាន​ធ្វើឡើង​ត្រឹមត្រូវ​តាមច្បាប់​។ លក្ខខណ្ឌ​ទាំងឡាយ​និង​នីតិវិធី​នៃ​ការលក់ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​និង​របស់​នីតិបុគ្គល សាធារណៈ​នឹង​កំណត់ដោយ​អនុក្រឹត្យ​។ គ្មាន​ការលក់​ណាមួយ​អាច​ត្រូវបាន​សម្រេច​ដោយ​គ្មាន​អនុក្រឹត្យ​នេះ​ឡើយ​។​

​បើតាម​ឯកសារ​ប្រវត្តិសាស្ត្រ រា​ជាយ​ស្ម័យ​យាន​រាជធានី​ភ្នំពេញ​ត្រូវបាន​បង្កើតឡើង​តាំង ពី​ឆ្នាំ​១៩៣២​។ រា​ជាយ​ស្ម័យ​យាន​នេះ​ជា​ស្ថានីយ​រថភ្លើង​ចេញចូល​ពី​ភ្នំពេញ​ទៅ​បាត់ដំបង និង​ពី​បាត់ដំបង​មក​ភ្នំពេញ​៕