លោក ត្រាំ អ៊ីវតឹក អញ្ជើញ​មកដល់​កម្ពុជា​វិញ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​អាស៊ាន​លើក​ទី​១៨ នៅ​ឥណ្ឌូនេស៊ី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ត្រាំ អ៊ី​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​អញ្ជើញ​និវត្តន៍​វិល​ត្រលប់​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​អាស៊ាន​លើក​ទី​១៨ (18th TELMIN) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីក្រុង Ubud ខេត្ត​បាលី នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​។ នេះ​បើ​យោងតាម​ហ្វ​ស​ប៊ុ​ក​ផេ​ក រ​សប់​ក្រសួង​ប្រៃសណីយ៍​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​រដ្ឋមន្ត្រី​ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី TELMIN លើក​ទី​១៧ បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក និង​បាន​បូកសរុប​នូវ​សមិទ្ធផល​ដែល​បាន​សម្រេចបាន​នៅក្នុង​ឆ្នាំ​២០១៧​កន្លងមក និង​បាន​ផ្ទេរ​ជូន​លោក Rudiantara រដ្ឋមន្ត្រីក្រសួង​គមនាគមន៍ និង​ព័ត៌មានវិទ្យា នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ជា​ប្រធាន​ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​អាស៊ាន​លើក​ទី​១៨ (18th TELMIN) ។​

​អង្គប្រជុំ​បានអនុម័ត​នូវ​របាយការណ៍​របស់​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​អាស៊ាន​ឆ្នាំ​២០១៨ (18th TELSOM) ផែនការ​សកម្មភាព​ស​ម្រា​ប់​ឆ្នាំ​២០១៩ និង​បានអនុម័ត​ផែនការ​ការងារ​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ រួមមាន សាធារណរដ្ឋ​ប្រជាមានិត​ចិន ជប៉ុន កូរ៉េ និង​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​។​

​នៅក្នុង​បេសកកម្ម​នេះ ប្រតិភូ​កម្ពុជា​ក៏បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រទេស​ជា​ដៃគូ​មួយចំនួន និង​វិស័យ​ឯកជន​មួយចំនួន​ដើម្បី​ស្វែងរក​នូវ​កាលានុវត្តភាព​វិនិយោគ និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា រួមមាន​កិច្ចពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​វៀតណាម ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​គមនាគមន៍​វៀតណាម ជំនួប​ជាមួយ​លោក​អនុ​រដ្ឋមន្ត្រីក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​សាធារណរដ្ឋ​កូរ៉េ​ព្រមទាំង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ឯកជន​មួយចំនួន​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​ផងដែរ​។​

​នៅក្នុង​ជំនួប​ទ្វេភាគី លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ភ្ញៀវ​ពី​បច្ចុប្បន្នភាព​នៃ​វិស័យ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នៅ​កម្ពុជា និង​ស្វាគមន៍​ការ​មក​បណ្តាក់​ទុនវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​នា​នា ដើម្បី​ជម្រុញ​ការរីកចម្រើន​លើ​វិស័យនេះ បន្ថែមទៀត​៕