ក្រសួង ព្រមាន​ចាត់ការ​ករណី​លក់​ឱសថ​ក្នុង​ហ្វេ​ស​ប៊ុ​ក Family Doctor Cambodia
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2019 ក+ ក-

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​អំបាវនាវ​ដល់​ពលរដ្ឋ​ឈប់​ប្រើប្រាស់​ជាបន្ទាន់ នូវ​ផលិតផល​ឱសថ និង​គ្រឿងសម្អាង​ជាង​២០​មុខ ដែល​គ្មាន​ការអនុញ្ញាត និង​បង្គាប់​ឲ្យ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​នេះ ត្រូវ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការផ្សព្វផ្សាយ​លក់​។​

​ក្នុង​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​៨ ខែមករា ក្រសួងសុខាភិបាល បាន​ហាមឃាត់​ផលិតផល​ជាង​២០​មុខ ដូចជា​ថ្នាំ​ជំនួយ​សុខភាព គ្រឿងសម្អាង ថ្នាំ​ធ្វើ​ឲ្យ​ស្បែ​កស និង​ថ្នាំ​ពង្រីក​ដើមទ្រូង ជាដើម ដែល​គ្មាន​ការចុះ​បញ្ជិកា​ប្រតិវេទន៍ គ្មាន​ការពិនិត្យ​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ដែល​កំពុង​ចែកចាយ​ដោយ​គណនី​ហ្វេ​ស​បុក​ឈ្មោះ Family Doctor Cambodia​។​

​គួរ​ជម្រាប​ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ក្រសួង​បាន​ហាមប្រាម​បែបនេះ ហើយ​បើ​គិតពី​ខែតុលា រហូតដល់​ខែធ្នូ ឆ្នាំ​២០១៨ ក្រសួងសុខាភិបាល​បានចេញ​សេចក្ដីជូនដំណឹង​ហាមប្រាម​ស្រដៀង​គ្នា​នេះ​ចំនួន​៦ ទៅលើ​ហ្វេ​ស​ប៊ុ​កល​កើ​គ្រឿងសម្អាង ថ្នាំ​សម្រក​រាង ថ្នាំ​ប៉ូវ​កម្លាំង និង​ជំនួយ​សុខភាព​ផ្លូវ​ភេទបុរស មិនតិចជាង ៥០ មុខ​នោះទេ​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ មានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងសុខាភិបាល​បាន​ត្រួតពិនិត្យ និង​តម្រូវ​ឲ្យ​ឱសថស្ថាន​ទាំងអស់​មក​ចុះបញ្ជី និង​សុំ​លិខិតអនុញ្ញាត​ពី​ក្រសួង​រួចរាល់​អស់ហើយ តែ​អ្វី​ដែលជា​បញ្ហា​ថ្មី​នោះ គឺមាន​និន្នាការ​នៃ​ការលក់​តាម​អន​ឡាញ ដោយ​មិន​បង្ហាញ​ទីតាំង​ជាក់លាក់​យ៉ាង​ផុសផុល ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​៕