សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ប្រមូលបាន​ថវិកា​ជិត​៥​ម៉ឺន​ដុល្លារ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2019 ក+ ក-

​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​ប្រារព្វ​ពិធី​ជួបជុំ​សមាជិក ក្នុងឱកាស​ខួប ២៣​ឆ្នាំ និង​ដើម្បី​ប្រមូល​ថវិកា​ន​ឲ​បាន​ប្រមាណ​ជិត​៥​ម៉ឺន​ដុល្លារ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ជួយ​ទ្រទ្រង់​ដំណើរការ​មន្ទីរពេទ្យ​នេះ ក្នុង​ការជួយ សង្គ្រោះ​កុមារ​កម្ពុជា ជាច្រើន​នាក់ កំពុង​ត្រូវការ​ជំនួយ​សង្គ្រោះបន្ទាន់ ។

​ព្រឹត្តិការណ៍​នេះ ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល ដឹ​ព្រេ​មៀ សេន​ធ័​រ សែន​សុខ និង​មានការ​ចូលរួម​ពី​សមាជិកសមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ជាច្រើន​រយ​នាក់ ហើយក៏​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម​ផងដែរ ។

​លោក ឧកញ៉ា វ៉ាន់ សូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​មានប្រសាសន៍ថា កម្មវិធី​សម្រាប់​រាត្រី​នេះដែរ គឺ​ដើម្បីអោយ​សមាជិក​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ទាំងអស់​បាន​ជួបជុំគ្នា និង​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍ និង​យោបល់​រវាង​គ្នា ហើយ​គោលបំណង​សំខាន់​មួយទៀត​នោះ ក៏​ដើម្បី​ប្រមូល​ថវិកា​មូល​ធិ​និ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ទ្រទ្រង់​ដំណើរការ ជួយសង្គ្រោះ​ដល់​កុមារ​កម្ពុជា ដែល​ត្រូវ​ការអោយ​មន្ទីរពេទ្យ​នេះ​ជួយ បើទោះបីជា​ស្ថាបនិក​មន្ទីរពេទ្យ​នេះ បាន​ឃ្លាត​ចាក​ឆ្ងាយ​ក៏ដោយ ។

​លោក​ឧកញ៉ា​បាន​រៀបរាប​ពី​សាវតា​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ថា សមាគម​នេះ បាន​បង្កើត នៅក្រោយ​ការបោះឆ្នោត​ថ្នាក់ជាតិ​លើកដំបូង​សម្រាប់​កម្ពុជា នៅ​ឆ្នាំ ១៩៩៣ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ពី​ភាព​រីកចម្រើន នៅក្នុង​វិស័យ​កាត់ដេរ ដែលជា​វិស័យ​ស្នូល​ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ។ ជា​លទ្ធផល វិស័យ​កាត់ដេរ​កម្ពុជា បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាច្រើន មានការ​ងារ​ធ្វើ និង​ទទួលបាន​ប្រាក់ចំណូល​សមរម្យ ក្នុងការ​ទ្រទ្រង់​ជីវភាព​គ្រួសារ ដែល​គិត​ជា​មធ្យម វិស័យ​កាត់ដេរ បាន​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​ផ្ទាល់ និង​ប្រយោល​សុរ​បប្រមាណ ជាង​២​លាន​នាក់ ។​

​តំណាង​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​មានប្រសាសន៍ថា កាលពី​ឆ្នាំ ២០១៨​កន្លងទៅនេះ មន្ទីរពេទ្យ​គន្ធបុប្ផា​បានផ្ដល់​សេវា ពិនិត្យ និង​ព្យាបាល​កុមារ​កម្ពុជា សរុប​ប្រមាណ​ជិត ១​លាន​នាក់ ដោយ​ឥតគិតថ្លៃ ។ រាល់​ការចំណាយ​ទាំងអស់ នៅក្នុង​មន្ទីរពេទ្យ គឺជា​ថវិកា​ដែល​បានមកពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស ហើយ​លោក បេ​អាត រី​ច​នើ ដែលជា​ស្ថាបនិក មន្ទីរពេទ្យ​នេះ ក៏បាន​ខិតខំ​ស្វែងរក​មូលនិធិ​នានា ពី​ក្រៅប្រទេស ដើម្បី​មក​គាំទ្រ​ដំណើរការ ក៏ប៉ុន្តែ បន្ទាប់ពី​លោក​បាន​ធ្លាក់ខ្លួន​មាន​ជំងឺ មន្ទីរពេទ្យ​នេះ ក៏បាន​ជួប​នូវ​បញ្ហា​ខ្លះៗ ទើប​រដ្ឋាភិបាល​កម្ពុជា ក៏បាន​សម្រេច​បង្កើត​មូលនិធិ​គន្ធបុប្ផា ដើម្បី​ស្វែងរក​ថវិកា ជួយ​ទ្រទ្រង់​ដំណើរការ​មន្ទីរពេទ្យ ។ ជា​លទ្ធផល មូលនិធិ ពី​បណ្ដា​សប្បុរសជន​នានា ក្នុងប្រទេស​ក៏បានផ្ដល់​ជូន​មន្ទីរពេទ្យ​នេះ ជា​បន្តបន្ទាប់ បើទោះបីជា​ពេលនេះ ស្ថាបនិក​មន្ទីរពេទ្យ​នេះ បាន​លាចាក​លោក​ក្ដី ហើយ​សង្ឃឹមថា សប្បុរសជន នឹង​នៅតែ​បន្ត​ជួយ​ដល់​មន្ទីរពេទ្យ ដើម្បី​បន្ត​ជួយសង្គ្រោះ​កុមារ​កម្ពុជា ជាច្រើន​នាក់ ដែល​កំពុង​ត្រូវការ​ជំនួយ​ពី​យើង​។

​គួរ​បញ្ជាក់ថា នៅក្នុង​រាត្រី​នៃ​ការជួបជុំ​សមាជិកសមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​នោះដែរ គេ​សង្កេតឃើញថា មាន​សប្បុរសជន​ជាច្រើន​បាន​បរិច្ចាគ​ជូន​មូលនិធិ​នេះ ហើយ​ជាបឋម សមាគម​រោងចក្រ​កាត់ដេរ​ប្រមូលបាន​ជិត ៥​ម៉ឺន​ដុល្លារ​អាមេរិក ក្នុងនោះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ៣.៥០០​ដុល្លារ។ ក្រៅពីនោះ​ក៏មាន​សប្បុរសជន​ខ្លះទៀត​បរិច្ចាគ​ដល់​ជាង ៣.០០០​ដុល្លារ​អាមេរិក​ផងដែរ ៕