ក្រសួងអប់រំ ដាក់ចេញវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2019 ក+ ក-

ភ្នំពេញ ៖ ដើម្បីពង្រឹង ការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានសាធារណៈ ក្រសួង អប់រំ យុវជន និងកីឡា បានដាក់ចេញ វិធានការ៤ ចំណុច ទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យ នៃក្តីស្រឡាញ់(Valentine’s Day) (១៤កុម្ភៈ)នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

ក្រសួងអប់រំបានដាក់ចេញវិធានការ ទប់ស្កាត់បែបនេះជារៀងរាល់ឆ្នាំ ក្រោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវាបុណ្យនៃក្តីស្រឡាញ់ ជាឱកាសមួយ ធ្វើឲ្យសិស្សានុសិស្សមួយចំនួន យល់ច្រឡំថា បុណ្យនេះ ជាថ្ងៃបុណ្យសង្សារ ឬ ជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។

យោងតាមសេចក្តីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានបញ្ជាក់ថា ទិវាបុណ្យ នៃក្តីស្រឡាញ់នេះ ពុំមែនជាពិធីបុណ្យ ប្រពៃណី របស់ជនជាតិខ្មែរនោះទេ ហើយនៅអំឡុងប៉ុន្មាន ឆ្នាំចុងក្រោយនេះ ទិវាបុណ្យ នៃក្តីស្រឡាញ់ កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឲ្យយុវវ័យ ភ្លេចការសិក្សា បាត់បង់ សេចក្តីថ្លៃថ្នូរ របស់ខ្លួន និងក្រុមគ្រួសារ ប្រាសចាក វប្បធម៌ និងប្រពៃណីជាតិ ដ៏ផូរផង់របស់ខ្មែរផងដែរ។

ដើម្បីពង្រឹង ការអនុវត្ត បទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានសាធារណៈ ក្រសួងអប់រំ ដាក់ចេញវិធានការសំខាន់ៗរួមមាន៖ ១-ត្រូវផ្សព្វផ្សាយ ដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុស អំពីអត្ថន័យនៃទិវាបុណ្យ នៃក្តីស្រឡាញ់។

២-ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សាសាធារណៈ ឲ្យបានម៉ឺងម៉ាត់ជាពិសេស លើការគ្រប់គ្រង សីលធម៌ និង វិន័យ ដោយតាមដានអវត្តមាន របស់សិស្សានុសិស្សជាប្រចាំ។

៣-ត្រូវជំរុញដំណើរការ របស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ ប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”។
៤-ត្រូវធ្វើទំនាក់ទំនង ជិតស្និទ្ធជាមួយ មាតា បិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាព មិនប្រក្រតី ដែលប្រព្រឹត្ត ដោយសិស្សា នុសិស្ស ដើម្បីសហការគ្នា អប់រំណែនាំ កែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា។

សម្រាប់យុវជនកម្ពុជា ភាគច្រើន បានយល់ជ្រួលជ្រាបអំពី អត្ថន័យ នៃបុណ្យ នៃក្តីស្រលាញ់នេះ ដោយពួកគេធ្វើអំពើល្អៗ បង្ហាញដល់មនុស្សជាទីស្រលាញ់ ក្នុងនោះមាន លោកតា លោកយាយ លោកឱពុក អ្នកម្តាយ លោកគ្រូ អ្នកគ្រូ បងប្អូន និងមិត្តភក្តិជាដើម។ ប៉ុន្តែក៏នៅមានយុវជនមួយចំនួនតូច ឆ្លៀតឱកាសយកទិវាបុណ្យ នៃក្តីស្រលាញ់ ទៅប្រព្រឹត្ត រឿងមិនគប្បី ដោយចំណាយខ្លួនប្រាណ ដើម្បីបង្ហាញពីការស្រលាញ់ ដែលផ្ទុយទៅនិងអត្ថន័យ នៃបុណ្យនេះ ឬ ប្រាចាក ពីប្រពៃណីដ៏ល្អផូរផង់ របស់ជាតិខ្មែរយើង។

យ៉ាងណាក៏ដោយគេរំពឹងថា តាមរយៈ ការដាក់ចេញ វិធានការ ទប់ស្កាត់ របស់ក្រសួងអប់រំ ក៏ដូចជាការយល់ដឹង កាន់តែច្រើនពីសំណាក់ យុវវ័យ និងប្រជាពលរដ្ឋកម្ពុជានោះ ទិវាបុណ្យ នៃក្តីស្រលាញ់ឆ្នាំ២០១៩នេះ នឹងទទួលបានការគាំទ្រកាន់តែច្រើន នូវ អំពើល្អ ដែល យុវវ័យនឹងធ្វើ ចំពោះមនុស្សជាទីស្រលាញ់ របស់ពួកគេ៕