ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីដំណើរនៃនីតិវិធីរបស់ EU ករណី EBA លើកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2019 ក+ ក-

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងដំណើរនីតិវិធីរបស់ EU ករណី EBA ពាក់ព័ន្ធនឹងករណី EBA ដែលសហភាពអឺរ៉ុប កំពុងដំណើរការនីតិវិធីផ្អាកជាបណ្ដោះ អាសន្ន មកលើប្រទេសកម្ពុជា បានធ្វើអោយមានការព្រួយបារម្ភ និងបង្ហាញការសោកស្ដាយចំពោះនីតិវិធីរបស់អឺរ៉ុប លើការព្យួរEBA។

ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលជាស្ថាប័នសំខាន់ក្នុងការស្វែងរកទីផ្សារសម្រាប់ផលិតផលកម្ពុជា ក៏បានចេញនូវសេចក្តីថ្លែងការណ៍មួយផងដែរ ដើម្បីឆ្លើយតបទៅនឹងនីតិវិធីរបស់ សហភាពអឺរ៉ុប។

នៅក្នុងសេចក្តីថ្លែងការណ៍បានអោយដឹងថា តាមមាត្រា១៩ នៃបញ្ញតិ្តរបស់សហភាពអឺរ៉ុប ទាក់ទងនឹងវិធី សម្រាប់ស៊ើបអង្កេត ដើម្បីឈានទៅធ្វើការសម្រេចចិត្តក្នុងការព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី EBA ដែលបានផ្ដល់ឱ្យបណ្ដាប្រទេសអភិវឌ្ឍន៍តិចតួច កាលពីឆ្នាំ ២០១២ និងដើម្បីធានាសង្គតិភាព នៃការអនុវត្តកាតព្វកិច្ចរបស់កម្ពុជា ជាមួយនឹងលក្ខខណ្ឌមានចែងនៅក្នុងបញ្ញត្តិខាងលើអោយបានពេញលេញ គណៈកម្មការអឺរ៉ុប បានសម្រេចផ្ដួចផ្ដើមគំនិតក្នុងការចាប់ផ្ដើមនីតិវិធីនេះ ចាប់បីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ ២០១៩ នេះតទៅ តាមរយៈការពិគ្រោះយោបល់ជាមួយកម្ពុជា និងភាគីពាក់ព័ន្ធ ។

ការផ្ដួចផ្ដើមគំនិតនេះ មិនមែនមានន័យថា សហភាពអឺរ៉ុបចាប់ផ្ដើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ តែវាជាពេលវេលាដែលចាប់ផ្ដើមបើកនីតិវិធីពិគ្រោះយោបល់ជាផ្លូវការតែប៉ុណ្ណោះ ។

នៅក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា រយៈពេលគិតចាប់ផ្ដើម រហូតដល់ការចូលជាធរមាននៃសេចក្តីសម្រេចចុងក្រោយណាមួយ មានចំនួន ១៨ ខែ គិតចាប់ពីថ្ងៃទី១២ កុម្ភៈ ២០១៩ ហើយរយៈពេលនេះ ត្រូវបានកំណត់ជាពីរដំណាក់ ។ ដោយដំណាក់កាលពីទី១ មានរយៈពេល៦ខែ ហើយវាជាដំណាក់កាលដែលគណៈកម្មការធ្វើការពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមពីវឌ្ឍនភាព នៃការអនុវត្តកាតព្វកិច្ច និងបទបញ្ញត្តិ ។ ដំណាក់កាលទី២ មានរយៈពេល៦ខែ ដូចគ្នាដែរ ហើយបើសិនព្រមព្រៀងគ្នានឹងត្រូវអនុវត្តដកពីកម្ពុជា គឺត្រូវការពេលវេលា៦ខែទៀត ដើម្បីចូលជាធរមានជាផ្លូវការ ។

គួរបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរដ្ឋាភិបាលអាណត្តិទី៦នៃរដ្ឋសភា បណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើកំណែទម្រង់ស៊ីជម្រៅ ដែលបានជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ដឹកជញ្ជូន និងលើកស្ទួយអត្ថប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ច ដល់កម្មករ កម្មការិនី និងកសិករ ព្រមទាំងប្រជាជនកម្ពុជា គ្រប់រូប ។ ដោយឡែកក្រសួងពាណិជ្ជកម្មបានលុបចោលនូវការយកកម្រៃ សម្រាប់គ្រប់គ្រងការនាំចេញ មិនតម្រូវអោយបង់កម្រៃ និងសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ទំនិញ និង បានរំកិលទីតាំងឈរជើង របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលកិច្ចការទាំងអស់នេះ តម្រូវអោយរដ្ឋទទួលបន្ទុកពីការខាតបង់ចំណូលរាប់សិបលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ៕