ក្រសួងសុខាភិបាល ប្រាប់ឲ្យប្រុងប្រយ័ត្នជំងឺឆ្លងនារដូវក្តៅនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2019 ក+ ក-

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងកាលពីពីថ្ងៃទី១៥ ខែកុម្ភៈ ដោយបានណែនាំឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន នៅក្នុងអំឡុងពេលរដូវក្តៅ ដែលនឹងកើតមានក្នុងអំលុងខែមីនា និងខែមេសា ឆ្នាំនេះ ដោយថា អាចប្រឈមនឹងជំងឺឆ្លងមួយចំនួន ប៉ះពាល់ដល់សុខភាព ឬឈានដល់អាយុជីវិតផង។

ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញ ក្រសួងលើកឡើងថា ជំងឺដែលអាចប៉ះពាល់នារដីវក្តៅនោះរួមមាន បញ្ហាបេះដូង សួត និងអាចមានជំងឺឆ្លងផ្សេងៗទៀត ដូចជា រាក ឬជំងឺកង្វះចំណីអាហារ ….។

ក្រសួងបានណែនាំវិធីសាស្ត្រការពារមួយចំនួនដូចជា ត្រូវទទួលទានទឹកឆ្អិនឲ្យបានច្រើន និងញឹកញាប់ កាត់បន្ថយការប៉ះកំដៅព្រះអាទិត្យផ្ទាល់ និងត្រូវប្រកាន់អនាម័យជានិច្ច។

រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានចេញសារាចរណែនាំឲ្យប្រជាពលរដ្ឋរក្សាទឹកសម្រាប់ប្រើប្រាស់ នារដូវប្រាំង ដោយកម្ពុជានឹងទទួលឥទ្ធិពលបាតុភូត អែល នីណូ (El Nino) ដែលធ្វើឲ្យអាកាសធាតុក្តៅហួតហែង នាខែមេសា ខាងមុខនេះ៕