វត្តច្បារអំពៅ តែងតាំងព្រះចៅអធិការថ្មីជំនួសអន្ទិត ហោ សុខុន ដែលត្រូវបញ្ចប់តួនាទី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 February, 2019 ក+ ក-

ភ្នំពេញ ៖ ព្រះភិក្ខុ ង៉ែត រ៉ាល់ ត្រូវបានតែងតាំងជាផ្លូវការ ជាព្រះចៅអធិការវត្តច្បារអំពៅ នៅព្រឹក ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ជំនួសអន្ទិត ហោ សុខុន ដែលត្រូវបានបញ្ចប់តួនាទីព្រះចៅ អធិការ វត្ត ច្បារអំពៅ និងទីប្រឹក្សាសម្តេចព្រះសង្ឃរាជ និងសង្ឃនាយក កាលពីពេលកន្លងទៅ។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចសង្ឃនាយក សម្ដេច នន្ទ ង៉ែត និងមេគណ រាជ ធានីភ្នំពេញ សម្ដេច ឃឹម សន ដោយមានការនិមន្ដ-ចូលរួមពីព្រះសង្ឃ តាជី យាយជី ពុទ្ធបរិស័ទ ចំណុះជើងវត្តជាច្រើនផងដែរ។

ក្នុងពិធីនេះដែរ ក្រៅពីព្រះភិក្ខុ ង៉ែត រ៉ាល់ ដែលត្រូវបានតែងតាំងជា ចៅអធិការវត្តច្បារអំពៅនោះ, ភិក្ខុ ហាស់ សុជាតិ ក៏ត្រូវបានតែងតាំងជា គ្រូសូត្រស្ដាំ និងព្រះសង្ឃមួយអង្គទៀតជាគ្រូសូត្រឆ្វេង ព្រមទាំង ៥អង្គផ្សេងទៀត ត្រូវបានតែងតាំងជាគណៈវិន័យ និងលេខា។

សូមរំលឹកថា ព្រះតេជគុណ ហោ សុខុន ជាព្រះចៅអធិការវត្ត ត្រូវបានគណៈសង្ឃសម្រេចផ្សឹក នៅ យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ នៅវត្តបុទុមវតី បន្ទាប់ពីបានផ្សឹកហើយនោះ លោក ហោ សុខុន ក៏ត្រូវបានបញ្ចប់តួនាទីជាចៅអធិការវត្តច្បារអំពៅ និងទីប្រឹក្សាសម្តេចព្រះសង្ឃរាជ ទេព វង្ស និងសង្ឃនាយក នន្ទ ង៉ែត ផងដែរ។

ការសម្រេចបញ្ចប់តួនាទីនេះ បានធ្វើឡើងតាមរយៈសេចក្តីសម្រេចមួយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ដោយមានចុះព្រះហស្ថលេខា និងហត្ថលេខាដោយសម្តេចព្រះសង្ឃរាជ ទេព វង្ស សម្តេច សង្ឃនាយក នន្ទ ង៉ែត រួមនិងលោកទេសរដ្ឋមន្ត្រី ហឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ផងដែរ៕ ស ស