ប្រទេសសមាជិកមហាអនុតំបន់មេគង្គ បានឯកភាពសម្រួលតម្លៃដឹកជញ្ជូនឆ្លងកាត់ព្រំដែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2019 ក+ ក-

ភ្នំពេញ ៖ ប្រទេសជាសមាជិក នៃមហាអនុតំបន់មេគង្គ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៅលើទឹកដីអង្គរ នៃសៀមរាប នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួម រវាង រង្វង់រដ្ឋាភិបាលកម្ពុជា ចិន ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីសម្របសម្រួលលើតម្លៃក្នុងការដឹកជញ្ជូនទំនិញ និងពលរដ្ឋ ឆ្លងកាត់ព្រំដែន ដោយមានការចូលរួមពីធនាគារអភិវឌ្ឍន៍អាស៊ី , អង្គការ GIZ និង អង្គការ DEFAT។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងនៅក្រោយ កិច្ចប្រជុំនោះថា ការជួបគ្នានេះ បានបង្កើននូវប្រសិទ្ធភាព នៃការធ្វើឲ្យប្រសើរឡើង នូវការតភ្ជាប់ផ្ទៃក្នុង និង រវាងបណ្តាប្រទេស ក្នុងក្របខណ្ឌវិនិយោគតំបន់ (GMS) ជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ បង្កើនការប្រកួតប្រជែង និងធ្វើឲ្យប្រសើរឡើងកម្រិតជីវភាពរស់នៅតាមរយៈការកាត់បន្ថយតម្លៃដឹកជញ្ជូន ។

លោក រដ្ឋមន្រ្តីបានបន្តថា សមាជិកគណៈកម្មការរួម នឹងបន្តធ្វើការងារឆ្ពោះ ទៅរកការសម្រួលបន្ថែមទៀត លើការដឹកជញ្ជូន និងពាណិជ្ជកម្ម ទូទាំងអនុតំបន់ ក្នុងគោលដៅស្របគ្នាជាមួយផែនការសហគមសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងតម្រូវការខាង វិនិយោគ ដែលមានការបញ្ជាក់ នៅក្នុងក្របខណ្ឌវិនិយោគតំបន់ GMS ផងដែរ។

ការអនុវត្តកិច្ចព្រមព្រៀង GMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែន (CBTA ) សមាជិកគណៈកម្មការរួម ក្នុងការអនុវត្តកិច្ចព្រមព្រៀង GMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែន CBTA នៅកម្ពុជា ស.ស.ប.ឡាវ ចិន ថៃ និងវៀតណាម។ បណ្តាប្រទេស GMS មួយចំនួន បានចេញលិខិតអនុញ្ញាតសម្រាប់ “ការប្រមូលផលដំបូង“ និងសៀវភៅការនាំចូលបណ្តោះអាសន្ន យានយន្ត (TAD) ជូនទៅប្រតិបត្តិករ ដឹកជញ្ជូនអន្តរជាតិ នៅប្រទេសរបស់ខ្លួន ។ ប្រទេសខ្លះចាប់ផ្តើមប្រតិបត្តិការដឹកជញ្ជូន“ការប្រមូលផលដំបូង“ ឆ្លងកាត់ព្រំដែន។ បណ្តាប្រទេសមួយចំនួនទៀត កំពុងរៀបចំចេញឯកសារ។

ជាមួយគ្នានោះ ក្នុងការអនុវត្តកិច្ចព្រមព្រៀង GMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែន CBTA បានឯកភាពបន្ថែមថា សុពលភាពនៃអនុស្សរណៈ នៃការយោគយល់ ស្តីពី “ការប្រមូលផលដំបូង“ ក្នុងការអនុវត្តកិច្ចព្រមព្រៀង GMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែន នេះ ត្រូវបានពន្យាពេល សម្រាប់ រយៈពេល២ឆ្នាំបន្ថែម ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។

ប្រទេស GMS ដែលជាហត្ថលេខីនៃ អនុស្សរណៈ MOU ឥឡូវនេះ អាចចេញបន្ត ឬពន្យាសុពលភាពឲ្យលិខិតអនុញ្ញាតសម្រាប់ការប្រមូលផលដំបូង និងសៀវភៅការនាំចូលបណ្តោះអាសន្នយាយន្ត (TAD) ដែលបានចេញពីពេលមុន រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឬនៅរហូតដល់កិច្ចព្រមព្រៀងGMSដឹកជញ្ជូនឆ្លងកាត់ព្រំដែនCBTA កែសម្រួល ។

ប្រទេសមីយ៉ាន់ម៉ា នឹងចូលរួមអនុវត្តកិច្ចព្រមព្រៀង GMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្នុងអំឡុងនៃរយៈពេលអនុគ្រោះមួយ ដែលពន្យារហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

សូមបញ្ជាក់ផងដែរថា នៅក្រោយកិច្ចប្រជុំរួចមក ប្រទេសមីយ៉ាន់ម៉ា និង ប្រទេសថៃ ក៏បានចុះហត្ថលេខា ជាមួយគ្នា ក្នុងការអនុវត្ត កិច្ចព្រមព្រៀង GMS ឆ្លងកាត់ព្រំដែនផងដែរ៕