កម្ពុជា-ថៃគ្រោងបើកច្រកព្រំដែន​អន្តរជាតិចំនួន៤ថែមទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 April, 2019 ក+ ក-

ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានបង្ហើបឲ្យដឹងថា កម្ពុជានិងថៃគ្រោងនឹងធ្វើការបើកច្រកអន្តរជាតិសំខាន់ចំនួន ៤ ផ្សេង ទៀតជូននិងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។

បើតាមសម្ដេចច្រកទាំងនោះមាននៅព្រំដែនខេត្តបន្ទាយមានជ័យ ព្រះវិហារ ពោធិ៍ សាត់ និងខេត្តបាត់ដំបង។ ការលើកឡើងនេះគឺនៅ ក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងសាង សង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នៅព្រឹកថ្ងៃទី២២ មេសានេះ។

ច្រកទ្វារអន្តរជាតិថ្មីចំនួន៤ ដែលកម្ពុជា និងថៃគ្រោងនឹងបើកឲ្យដំណើរការនាពេលខាងមុខនោះ គឺមានច្រកអានសេះ ស្ថិតនៅក្នុងព្រះវិហារ និងខេត្តអ៊ូប៊ុន ប្រទេសថៃ ច្រកជប់គគីរ ក្នុងខេត្តឧត្តរមានជ័យ និងខេត្ត បុរីរ៉ាំ ច្រកទ្វារភ្នំដីក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ឈមនឹងស្រុកខ្លងហាត ខេត្តស្រះកែវ និងច្រកថ្មដា នៅក្នុងខេត្តពោធិសាត់។ នេះបើតាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបង្ហើបឲ្យដឹងនៅក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងសាង សង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នៅព្រឹកថ្ងៃទី២២ មេសានេះ។

បើតាមសម្តេចតេជោ ចំពោះសំណើនៃការសុំបើកច្រកអន្តរជាតិចំនួន៤ ខាងភាគីថៃបានបញ្ជាក់នូវសញ្ញាវិជ្ជមាន និងគាំទ្រចំពោះការឲ្យបើកច្រកអន្តរជាតិថ្មីបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ការបើកសម្ពោធឲ្យដំណើរការនូវស្ពានមិត្តភាពកម្ពុជាថៃ ជាមួយនឹងការបើកច្រកថ្មីៗបន្ថែមទៀតរវាងប្រទេសទាំងពីរ គឺបានកើតចេញពីគោលនយោ បាយសំខាន់ៗចំនួន៣ ដែលសម្ដេចតេជោបានដាក់ចេញក្រោយនយោបាយឈ្នះឈ្នះ។ នោះគឺការកែប្រែតំបន់សមរភូមិទៅជាទីផ្សារ កែប្រែតំបន់ព្រំដែនឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា ការដឹក ជញ្ជូនទំនិញបន្តិចបន្តួច តាមរទេះ រឺតាមរ៉ឺម៉ក របស់ប្រជាពលរដ្ឋគឺនៅដំណើរការជាធម្មតា ដោយមិនតម្រូវអោយធ្វើការដឹកជូនហាមស្ពានមិត្តភាពកម្ពុជាថៃ ស្ទឹងបត់ បានណងអៀននេះទេ។ រាជរដ្ឋាភិបាល ក៏បានសម្រេចធ្វើការសាងសង់ស្ពានដែកមួយទៀតដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមរទេះរុញរបស់របស់ប្រជាពលរដ្ឋពីប្រទេសថៃមកកាន់កម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា រាជរដ្ឋាភិ បាលកម្ពុជា ទទួលបានហិរញ្ញប្បទានសម្បទានពីរាជ រដ្ឋាភិបាលថៃប្រមាណជាង ២៦លាន ៤សែនដុល្លារអាមេរិក សម្រាប់សាងសង់អគារច្រកទ្វារត្រួតពិនិត្យព្រំដែន និងផ្លូវតភ្ជាប់ សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ «ឃ្លាំង និងទីលានកុងតែន័រ», ការជួសជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយគ្រោះទឹកជំនន់។

បើតាមការគ្រោងទុក ដំណើរការសាងសង់អគារនៅច្រកព្រំដែនថ្មីនេះ គ្រោងប្រើប្រាស់រយៈ ពេលសាងសង់ចំនួន ២៤ខែ ដោយគិតចាប់ពីខែមេសា ឆ្នាំ២០១៩ នេះតទៅ។ គម្រោងសាង សង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ធ្វើឡើងខណៈដែលច្រកព្រំដែនប៉ោយប៉ែត-អរញ្ញប្រថេត មានការឆ្លងកាត់ទំនិញ និងទេសចរណ៍កាន់តែមមាញឹកយ៉ាងខ្លាំង ហើយពេលខ្លះមានការកកស្ទះចរាចរណ៍អស់ជាច្រើនម៉ោងទៀតផង។

ការកកស្ទះនៅច្រកនាំចេញ នាំចូលទំនិញជាកត្តាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងការតភ្ជាប់ផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ៥ ដាក់ឱ្យដំណើរការតំបន់ប៉ោយប៉ែតនឹងប្រែក្លាយជាតំបន់អភិវឌ្ឍមួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ៕