ស្ត្រីកម្ពុជា១រូបដាក់ទុនវិនិយោគ៤លានដុល្លារបើកមណ្ឌលវេជ្ជសាស្ត្រទំនើបនៅភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2019 ក+ ក-

ភ្នំពេញ ៖ សហគ្រិនស្ត្រីកម្ពុជាមួយរូបបានបោះទុនវិនិយោគប្រមាណ៤លានដុល្លារអាមេរិកដើម្បីបង្កើត មជ្ឈមណ្ឌលវេជ្ជសាស្ត្រឈានមុខស្តង់ដារសិង្ហបុរីមួយ នៅរាជធានីភ្នំពេញដែលបំពាក់ ដោយ ឧបករណ៍ វេជ្ជសាស្ត្រទំនើបៗ និងមានវេជ្ជបណ្ឌិតជំនាញល្បីៗ សម្រាប់បំរើសេវាកម្ម សុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជា ។

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីងម៉េដ នេះមានទីតាំងស្ថិតនៅអគារលេខ៦៤ មហាវិថី ព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញទល់មុខសាកលវិទ្យាល័យពេទ្យជិតអគារវឌ្ឍនៈ។

លោកស្រី ពិន នេត្រា នាយិកា ប្រតិបត្តិមជ្ឈមណ្ឌល វេជ្ជសាស្ត្រ ស៊ីងម៉េដ បានថ្លែងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការកាលពីចុងសប្តាហ៍កន្លងទៅនេះថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រនេះ បានបង្ហាញពីសក្តានុពលនៃវិស័យសុខាភិបាល ចូលមកជាមួយរាជរដ្ឋាភីបាលកម្ពុជាក្នុងការព្យាបាល វេជ្ជសាស្ត្រលំដាប់ថ្នាក់ពិភពលោក របស់ប្រទេសសិង្ហបុរី ។

លោកស្រី ពិន នេត្រា បានបន្តថ្លែងថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េដជាកន្លែងមួយ សម្រាប់ពិនិត្យសុខភាព និង វិនិច្ឆ័យរោគ ដោយបំពាក់នូវបច្ចេកវិទ្យាទំនើបឈានមុខនិង ចុងក្រោយរបស់ប្រទេសសិង្ហបុរី MRI ម៉ាស៊ីនសុងក្រពះ ទំនើបប្រព័ន្ធ ឆ្លុះចុងក្រោយបង្អស់ របស់ FUJIFILM ដែលប្រើរូបភាព ពន្លឺខៀវ និង រូបភាពពណ៌តភា្ជប់ ក៏ដូចជា ម៉ាស៊ីនស្គែន ជេស៊ីងណា គ្រីដ ថ 1.5 Testla MRI ដែលផ្តល់នូវភាពជាក់លាក់ក្នុងការធ្វើរោគវិនិច្ឆ័យនិងប្រសិទ្ធភាព ក្នុងការគ្រប់គ្រងលំហូរការងាររបស់អ្នកជំងឺ ។

លោកស្រី ដឹងទៀតថា ការវិនិយោគលើមជ្ឈមណ្ឌល វេជ្ជសាស្ត្រ ស៊ីងម៉េដ មានប្រមាណ ៤ លានដុល្លារអាម៉េរិក។ ជាមួយ មជ្ឈមណ្ឌលនេះពលរដ្ឋកម្ពុជា ដែលចង់ពិនិត្យសុខភាពមិនចាំបាច់ចំណាយលុយ ច្រើនជិះយន្តហោះ ទៅសិង្ហបុរីទេ ដោយចំណេញទាំងថវិកានិងពេលវេលា ព្រមទាំងទប់ស្កាត់លំហូរការពិនិត្យសុភាពនៅក្រៅប្រទេស ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានសម្តែង ការគាំទ្រ ចំពោះ ការបង្កើត មជ្ឈមណ្ឌលវេជ្ជសាស្ត្រថ្មីនេះ ដែលនឹងជួយរួមចំណែកលើកកម្ពស់អភិវឌ្ឍន៍វិស័យ សុខាភិបាល និង អភិវឌ្ឍធនធានមនុស្ស ផ្នែកវេជ្ជសាស្ត្រនៅកម្ពុជា។

វត្តមាន មជ្ឈមណ្ឌលនេះ នឹងផ្តល់ភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការ ទទួលបានសេវា ពិនិត្យ សុខភាពល្អ ពិតប្រាកដ ទូលំទូលាយ និង ប្រកបដោយ ប្រសិទ្ធភាព តាម រយៈ សេវា ស្តង់ដារ និង បច្ចេកវិទ្យា ទំនើប ទាន់សម័យ។ ទន្ទឹមនឹងនេះ លោកស្រី រដ្ឋលេខាធិការ ក៏បានស្នើ សុំឱ្យ មជ្ឈមណ្ឌល វេជ្ជសាស្ត្រ ស៊ីងម៉េដ អនុវត្តប្រតិបត្តិស្តង់ដារបច្ចេកទេសវិជ្ជាជីវៈនិងទំនួលខុសត្រូវខ្ពស់៕