សណ្តែកសៀងអាមេរិក ធ្លាក់ថ្លៃទាបបំផុតចំពេលមានសង្គ្រាមពាណិជ្ជកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 May, 2019 ក+ ក-

អាមេរិក ៖ សណ្តែកសៀង នៅទីក្រុងឈីកាហ្គោ បានធ្លាក់ចុះក្នុងកម្រិតទាបបំផុត ក្នុងរយៈពេលជាង 10 ឆ្នាំ ខណៈដែលពាណិជ្ជករ បានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីជំលោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

កិច្ចសន្យាដំណាំសណ្តែកសៀងសកម្មបំផុត សម្រាប់ការចែកចាយ នៅខែកក្កដា បានធ្លាក់ចុះ ដែលមានតម្លៃទាបបំផុតចាប់តាំងពីខែធ្នូឆ្នាំ 2008 មក។ ប្រទេសចិនគឺជាអ្នកទិញសណ្តែកសៀងសំខាន់បំផុត របស់សហរដ្ឋអាមេរិក ហើយដោយ សារតែជំលោះពាណិជ្ជកម្ម រវាងប្រទេសចិន និងអាមេរិក ការនាំចេញសណ្តែកអាមេរិកទៅកាន់ប្រទេសចិន បានធ្លាក់ចុះ ។

សមាគមសណ្តែកសៀងអាមេរិក ASA បានជំរុញឱ្យរដ្ឋាភិបាលអាមេរិក ទប់ស្កាត់ពន្ធលើទំនិញរបស់ចិន និងបញ្ចប់ការចរចារពាណិជ្ជកម្ម យ៉ាងឆាប់រហ័សជាមួយប្រទេសចិន។ ទោះយ៉ាងណាសហរដ្ឋអាមេរិក នៅតែបង្កើនពន្ធលើទំនិញដែលមានតម្លៃ 200 ពាន់លានដុល្លាររបស់ចិន ពី 10 ភាគរយ ទៅ 25 ភាគរយ ចាប់តាំងពីថ្ងៃទី 10 ខែឧសភាតទៅ។

ដើម្បីឆ្លើយតបនឹងការតំឡើងពន្ធនេះ ប្រទេសចិនបានដាក់ពន្ធបន្ថែម លើការនាំចូលរបស់ សហរដ្ឋអាមេរិក ស្មើនឹងទឹកប្រាក់ 60 ពាន់លានដុល្លារ ដែលអត្រាពន្ធបន្ថែម លើផលិតផលមួយចំនួន នឹងត្រូវកើនឡើងដល់ 25% 20% និង 10% ៕