កម្ពុជា ថៃ ចាប់ផ្តើមសាងសង់ច្រកទ្វារអន្តរជាតិថ្មី ស្ទឹងបត់ បាណងអៀន តម្លៃជាង២៦លានដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2019 ក+ ក-

បន្ទាយមានជ័យ ៖ គម្រោងដែលកម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ ស្តីពីការសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ បានណងអៀន និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ក្រោមកម្ចីឥណទានសម្បទានពីព្រះរាជាណាចក្រថៃ ដោយចំណាយថវិកាប្រមាណ ២៦,៤២លានដុល្លារអាមេរិក បានចាប់ផ្តើមដំណើរហើយនៅចុងខែឧសភា ឆ្នាំនេះ រហូតដល់ឆ្នាំ២០២១ ទើបបញ្ចប់ការសាងសង់ជាស្ថាពរ។

គម្រោងរៀងចំច្រកទ្វាអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នេះ ស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា​ គម្រោងនេះ នឹងបម្រើឱ្យដល់ការដឹកជញ្ជូនទំនិញ ការផ្លាស់ប្តូរ ធុរកិច្ចរវាងប្រទេសទាំងពីរ និងនៅក្នុងតំបន់ ដែលជួយសម្រួលដល់ការធ្វើចរាចរណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិចាស់ ប៉ោយប៉ែត-ខ្លងលឹក។

ជាមួយគ្នារាជរដ្ឋាភិបាលប្រទេសទាំងពីរ នឹងនឹងប្រើប្រាស់ច្រកទ្វារអន្តរជាតិចាស់នេះ ជាច្រកសម្រាប់បម្រើឱ្យវិស័យទេសចរណ៍តែប៉ុណ្ណោះ។ ជាងនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិថ្មីនេះ នឹងមានលក្ខណៈទំនើបកម្រិតអន្តរជាតិ ដោយត្រៀមឱ្យមានទីតាំងសម្រាប់យន្តការត្រួតពិនិត្យរួមគ្នា ដែលអាចដំណើរការពេញ ២៤ម៉ោងលើ២៤ម៉ោង។

បើតាមលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងដែរថា គម្រោងរៀបចំច្រកទា្វរអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នេះ គ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ ដោយគិតចាប់ពីខែឧសភា ឆ្នាំ២០១៩ រហូតដល់ខែឧសភា ឆ្នាំ២០២១ ទើបបញ្ចប់។

គួរបញ្ជាក់ថា កាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី ថៃ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី ៣ផ្សេងគ្នា នៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលរួមមាន ៖ ១. ការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ។ ២. បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងទី៣. ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា លើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) ជាអំណោយរបស់ថៃ។

ជាមួយគ្នាគេរំពឹងថា បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងការតភ្ជាប់ផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ៥ ដាក់ឱ្យដំណើរការ តំបន់ប៉ោយប៉ែត នឹងប្រែក្លាយជាតំបន់អភិវឌ្ឍន៍មួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ ផងដែរ៕