សម្ដេច ហ៊ុន សែន ប្រកាសលុបចោលពន្ធកាត់ទុក១% ដើម្បីឲ្យអ្នកវិនិយោគចំណេញច្រើន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2019 ក+ ក-

ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលុបចោលពន្ធកាត់ទុក(ពន្ធដែលតម្រូវឲ្យពាណិជ្ជករបង់ទុកជាមុន) ដើម្បីបើកផ្លូវ និងទាក់ទាញវិនិយោគិន មកបោះទុនរកស៊ីនៅកម្ពុជា។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីការវិនិយោគកម្ពុជានាទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៩ ឧសភានេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីសក្តានុពល និងការកែទម្រង់ផ្ទៃក្នុងរបស់កម្ពុជា ទៅកាន់វិនិយោគិនជប៉ុន ដើម្បីបន្តគៀងគរ វិនិយោគិនជប៉ុនឲ្យកាន់តែច្រើននៅព្រះរាជាណាចក្រកម្ពុជា។ ពីទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៩ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ជប៉ុនពីវិស័យឧស្សាហកម្ម សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងរីកចម្រើន តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនចិន។ ប៉ុន្តែកម្ពុជាពិតជាចង់បានការវិនិយោគបន្ថែមពីជប៉ុន ដើម្បីជួយដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសកម្ពុជា គ្រាដែលក្រុមហ៊ុនជប៉ុនកាន់តែច្រើនបានមកវិនិយោគនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមុតស្រួចថ្មីៗមួយចំនួន ដែលចូលរួមកាត់បន្ថយថ្លៃចំណាយធុរកិច្ច របស់អ្នកវិនិយោគសរុបប្រមាណ៤០០លានដុល្លារក្នុងមួយឆ្នាំ សំដៅចូលរួម ធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានអះអាងថា កម្ពុជានឹងតម្លើងម៉ាស៊ីនភ្លើងយកពីប្រទេសហ្វាំងឡង់ និងប្រទេសអាឡឺម៉ង ដើម្បីផ្គត់ផ្គង់អគ្គិសនីនៅពេលខ្វះខាត ដោយកម្លាំង៤០០មេហ្គាវ៉ាត់។ សម្តេចសោកស្តាយ ចំពោះភាពរអាក់រអួលក្នុងការផ្គត់ផ្គង់តាមបរិមាណ និងគុណភាពមិនគ្រាប់គ្រាន់ដោយកត្តាអាកាសធាតុមិនអំណោយផលធ្វើឲ្យថាមពលវារីអគ្គិសនីផលិតក្រោយកម្រិតធម្មតា។

នៅក្នុងវេទិការសួរដេញដោលជាមួយវិនិយោគិនជប៉ុន សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសលុបចោលពន្ធកាត់ទុក ដើម្បីបើកផ្លូវ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគ មកបោះទុនរកស៊ីនៅកម្ពុជាផងដែរ។ ពន្ធកាត់ទុក១ភាគរយ ត្រូវបានលុបចោលនៅថ្ងៃនេះ ព្រោះពន្ធកាត់ទុកវាជាប្រភេទបំណុល ដែលរដ្ឋទៅខ្ចីក្រុមហ៊ុនឯកជនយកទុក។

ការលុបចោលពន្ធកាត់ទុកនេះ គឺដើម្បីបញ្ចប់បំណុលរវាងរដ្ឋ និងវិស័យឯកជន ជាពិសេសបើកឱកាសឲ្យពួកគេមានទុនពង្រីកការរកស៊ីកាន់តែមានភាពជឿជាក់ ស្របតាមទិសដៅប្រកួតប្រជែង។ បើតាមលោកនាយករដ្ឋមន្ត្រី ការលុបចោលពន្ធនេះ នឹងអាចអនុវត្តនៅមុន ឬក្រោយបំណាច់ឆ្នាំ២០១៩នេះ។ ក្រៅពីលុបចោលពន្ធកាត់ទុកនេះ រដ្ឋាភិបាលកម្ពុជា និងជប៉ុនក៏កំពុងបង្កើតព្រមព្រៀងស្តីពីពន្ធត្រួតស៊ីគ្នា ដើម្បីកាត់បន្ថយបន្ទុកពន្ធដល់ធុរកិច្ចជប៉ុន ឲ្យពួកគេអាចមានលទ្ធភាពបោះទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនទៀតផង។

គួរបញ្ជាក់ថា ក្នុងក្របខណ្ឌវិនិយោគផ្ទាល់ពីជប៉ុនគិតតាំងពីឆ្នាំ១៩៩៤ ដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានចុះបញ្ជីរគម្រោងវិនិយោគរបស់ជប៉ុនមានចំនួន១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួន២,៥ពាន់ លានដុល្លារ ភាគច្រើនជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត កសិឧស្សាហកម្ម ទេសចរណ៏ មន្ទីរពេទ្យ សណ្ឋាគារ និងផ្សារទំនើប។

បើតាមក្រសួងពាណិជ្ជកម្ម ត្រឹមឆ្នាំ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា និងជប៉ុនមានចំនួនជាង២ពាន់លានដុល្លារ ក្នុងនោះកម្ពុជា នាំទៅកាន់ប្រទេសជប៉ុនមានចំនួនប្រមាណ១ពាន់៦រយលាន ឯការនាំចូល ពីជប៉ុនមកកម្ពុជាវិញមានចំនួនជាង៤០០លានដុល្លារអាមេរិក។ ចំណែកទេសចរជប៉ុនមកកាន់កម្ពុជាវិញមានចំនួនជាង៦ម៉ឺននាក់ គិតត្រឹម ត្រីមាសទី១ ឆ្នាំ២០១៩នេះ ពោលចំនួននេះមានកំណើន២ភាគរយធៀបទៅនឹងឆ្នាំមុន៕