ក្រុមហ៊ុន Huawei ៖ បញ្ជីខ្មៅរបស់អាមេរិកធ្វើជាគំរូរអាក្រក់ដ៏គ្រោះថ្នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2019 ក+ ក-

បរទេស ៖ ទីប្រឹក្សាច្បាប់ជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei បាននិយាយថា ការដាក់ក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅរបស់អាមេរិក បានបង្កើតគំរូដ៏គ្រោះថ្នាក់ សម្រាប់ក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោក។

កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Huawei បានដាក់ពាក្យបណ្តឹងមួយ សម្រាប់ការកាត់ក្តី នៅក្នុងបណ្តឹង របស់ខ្លួន ប្រឆាំងនឹងរដ្ឋាភិបាលអាមេរិក ដែលជាការប៉ុនប៉ងចុងក្រោយបំផុត របស់ក្រុមហ៊ុនផលិត ឧបករណ៍ទូរគមនាគមន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការដាក់ទណ្ឌកម្ម ពីទីក្រុងវ៉ាស៊ីនតោន ដែលគំរាមកំហែង រុញច្រានក្រុមហ៊ុនចេញពីទីផ្សារសកល។

ច្បាប់ស្តីពីការអនុញ្ញាតការការពារជាតិ ដែលត្រូវបានអនុម័តដោយសភាសហរដ្ឋអាមេរិក កាលពីរដូវក្តៅឆ្នាំមុន បានដាក់បំរាមលើភ្នាក់ងារសហព័ន្ធ និងអ្នកចុះកិច្ចសន្យារបស់ពួកគេ មិនអោយប្រើឧបករណ៍របស់ក្រុមហ៊ុន Huawei លើមូលដ្ឋានសន្តិសុខជាតិ ដោយលើកឡើងពី ទំនាក់ទំនងរបស់ ក្រុមហ៊ុននេះ ជាមួយរដ្ឋាភិបាលចិន។ ក្រុមហ៊ុន Huawei បានបដិសេធម្តងហើយម្តងទៀត អំពីការចោទប្រកាន់ ថាបានគ្រប់គ្រងដោយរដ្ឋាភិបាល យោធាឬការិយ៉ាល័យស៊ើបការណ៍សម្ងាត់ ចិន។

ក្រុមហ៊ុនផលិតបណ្តាញទូរគមនាគមន៍ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានប្រឈមនឹងការដាក់ទណ្ឌកម្មកាន់តែខ្លាំង នៅពេលដែលក្រសួងពាណិជ្ជកម្មអាមេរិក នៅថ្ងៃទី 16 ខែឧសភា បានដាក់ក្រុមហ៊ុននេះ នៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដែលហាមឃាត់ក្រុមហ៊ុន មិនឱ្យធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន Huawei នៅក្នុងទង្វើមួយ ដែលបានបង្អាក់ដល់វិស័យបច្ចេកវិទ្យាសកល។

ក្នុងសន្និសីទសារព័ត៌មាននេះផងដែរ ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Huawei លោក Vincent Pang បានលើកឡើងពីការយល់ឃើញថ្មីៗរបស់ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei ដោយ បញ្ជាក់ថា ការដាក់ឱ្យដំណើរការបណ្តាញអ៊ិនធឺណេត 5G របស់ក្រុមហ៊ុន Huawei នឹងមិនរងផលប៉ះពាល់ ដោយការដាក់បញ្ជីក្រុមហ៊ុន ឬបញ្ជាប្រតិបត្តិនោះទេ៕