ប្រធានសហគមន៍មួយ នាំកម្លាំងចុះរុះរើបំផ្លាញផ្ទះពលរដ្ឋជាង៤០ខ្នង នៅស្រុកម៉ាឡៃ​( Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2019 ក+ ក-

ប៉ោយប៉ែត ៖ ផ្ទះពលរដ្ឋប្រមាណ ៤៣ខ្នង ខ្លះមានទំហំ ​៤គុណនឹង ៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ត្រូវប្រធានសហគមន៍លោក សាន់ ស៊ីម បញ្ជា និងនាំកម្លាំងប្រមាណជិត២០០នាក់មកពី ៥ភូមិក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចុះទៅរុះរើ និងបំផ្លាញចោល ធ្វើឲ្យពលរដ្ឋបាត់បង់ទីជម្រកគ្រប់ៗគ្នា កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុច៦៧១ ឋិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ក្នុងសកម្មភាពខាងលើនោះ គេឃើញមានសមត្ថកិច្ច និងប្រជាការពារភូមិ ចុះមកមើលដើម្បីការពារសុវត្តិភាព និងបញ្ជៀសអំពើរហិង្សាផងដែរ។ ​ជាមួយគ្នានេះ គេឃើញពលរដ្ឋប្រដាប់ដោយកាំបិត ពូថៅ និងដំបង ជាច្រើននាក់ តែមិនអាចទប់ស្កាតសកម្មភាពរុះរើនោះបានឡើយ ។

លោក សាន់ ស៊ីម ប្រធានសហគមន៍ បានបញ្ជាក់ថា ពលរដ្ឋដែលត្រូវក្រុមសហគមន៍ចុះរុះរើផ្ទះនោះ ដោយសារពួកគាត់បានមកសាងស់ង់ផ្ទះលើដីរបស់សហគមន៍ ដែលមានទំហំក្បាលដីទទឹង ១ពាន់ម៉ែត្រ ជម្រៅ ៥ពាន់ម៉ែត្រ ស្មើ៥០០ហិតា។ លោកបន្តថា ការចុះរុះរើផ្ទះរបស់ពលរដ្ឋនោះថា លោកមិនបានខ្វល់អំពីការឯកភាព ឬមិនឯកភាពពីអាជ្ញាធរនោះទេ ព្រោះថា ជាដីរបស់សហគមន៍ហេតុអ្វីក្រុមពលរដ្ឋទាំងនោះមកសង់ផ្ទះនៅ។ លោក សាន់ ស៊ីម បញ្ជាក់ថា លោកមានសិទ្ធការពារដីនេះ ព្រោះលោកត្រូវបានតែងតាំងដោយអភិបាលខេត្តបន្ទាយមានជ័យយ៉ាងត្រឹមត្រូវ ឲ្យលោកធ្វើជាប្រធានសហគមន៍ខាងលើនេះ។

ករណីរុះរើផ្ទះពលរដ្ឋអស់ជាង ៤០ខ្នង នេះលោក ហឹម យឿន តំណាងពលរដ្ឋបញ្ជាក់ថា ផ្ទះដែលពលរដ្ឋធ្វើនេះ មិនប៉ះពាល់នឹងដីរបស់សហគមន៏ដូចការលើកឡើងរបស់លោក សាន់ ស៊ីម ប្រធានសហគមន៍នោះទេ។ លោកបន្តថា កាចុះរុះរើ នេះមិនមានឯកសារលាយលក្ខអក្សរជូនដំណឹងជាមុន ឬជួបពិភាក្សាជាមួយក្រុមប្រជាពលរដ្ឋនោះ ឡើយ ហើយថា ដីព្រៃសហគមន៍មានបង្គោលព្រំត្រឹមត្រូវ ពីជ្រុងមួយទៅជ្រុងមួយ មិពាក់ព័ន្ធនឹងដីលំនៅឋានរបស់ពលរដ្ឋទេ ហេតុអីបានជាចុះរុះរើទាំងកម្រោលបែបនេះ។ តំណាងពលរដ្ឋរូបនេះ ប្រាប់ថា លោកនឹងប្តឹងតវ៉ាទៅថ្នាក់លើ ដើម្បីទាមទាររកយុត្តិធម៌ជូនម្ចាស់លំនៅដ្ឋានទាំងអស់។ មិនតែប៉ុណ្ណោះលោកថា បើទីតាំងកើតហេតុជាដីព្រៃសហគមន៌ ហេតុអ្វីមានគេលក់ដូរបាន ដោយអាជ្ញាធរចុះហត្ថលេខាទទួលស្គាល់លើឯកសាទិញលក់ ហើយលោកក៏មានឯកសារនោះក្នុងដៃរួចហើយ។

លោក ហ៊ឹម យឿន បញ្ជាក់ថា ដីចំណុច671 និងបឹងជម្រុក ជាដីរបស់អតីតយោធិនពលី ពិការ មានចំនួន631ហិកតា ធ្លាប់មានទំនាស់ប្តឹងផ្តល់គ្នាយូរឆ្នាំមកហើយ ជាមួយក្រុមហ៊ុនមួយរហូតមានចំណារជាបន្តបន្ទាប់ពីទីស្តីការគណៈរដ្ឋមន្ត្រី/រដ្ឋសភា និងក្រសួងមហាផ្ទៃ ប៉ុន្តែ ស ជ ណ របស់ថ្នាក់លើជាប់គាំងតាំងពីឆ្នាំ2011 មកទល់ពេលនេះ។

ទោះជាយ៉ាងនេះក្តី លោក សាន់ ស៊ីម ប្រធានសហគមន៍ បានលើកឡើងថា បញ្ហារុះរើសំណង់ របស់ប្រជាសហគមន៍ជារឿងត្រឹមត្រូវ ព្រោះបើទុកវាអាចទៅជាចលនាបំផុសរឿង ឈ្នះបានដីចាញ់បានលុយ។លោកបន្តថា លោកខិតខំប្រឹងបង្រួមទំនាស់ហត់នឿយចង់ជ្រុះសក់ទៅហើយ ៗថា សំណង់ទាំងអស់ជាសំណង់អនាធិបតេយ្យមិនដឹងថា ម្ចាស់សំណង់មកពីណា? អាជ្ញាធរ និងគណៈកម្មការណាបែងចែកដីឲ្យទេ ?។មិនតែប៉ុណ្ណោះលោកបញ្ជាក់ថា សម័យនេះ អ្នកណាមានដីចែកទៀត? លោកថា កន្លងមកឮក្រុមមួយអះអាងថា មានចំណាពីថ្នាក់លើ ប្រគល់ដីឲ្យពលរដ្ឋ ប៉ុន្តែពេលអាជ្ញាធរសុំមើលឯកសារបែរជាមិនដែលឃើញមានសោះ។

ប្រភពចុងក្រោយនៅរសៀលថ្ងៃទី៤ ខែមិថុនា នេះ បានឲ្យដឹងថា លោក សាន់ ស៊ីម ប្រធានសហគមន៏ ដែលបញ្ជាឲ្យពលរដ្ឋមករុះរើផ្ទះនោះ បានឲ្យមនុស្សមកហៅតំណាងប្រជាពលរដ្ឋគឺលោក ហ៊ឹម យឺន ដែលរងការរុះរើខូចខាតផ្ទះឲ្យទៅចរចា តែភាគីខាងប្រជាពលរដ្ឋមិនព្រមទៅជួប។

សូមជម្រាថា រហូតមកដល់ថ្ងៃទី៤ ខែមិថុនា នេះអាជ្ញាធរមិនទាន់បានបញ្ជាក់ ឬបកស្រាយបែបណាចំពោះវិវាទដីធ្លីខាងលើនេះនៅឡើយទេ៕ ដោយ ៖ ន.វ.