កម្ពុជា-ទីម័រ ពិភាក្សាលើកិច្ចសហការលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2019 ក+ ក-

ភ្នំពេញ ៖ បើទោះជាស្ថានភាព នៃការធ្វើទំនាក់ទំនងលើផ្នែក សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាង កម្ពុជា និង ទីម័រឡេស្តេ (ទីម័រស្តេខាងកើត) នៅមានកម្រិតតិចតួចនៅឡើយក្តី ប៉ុន្តែប្រមុខដឹកនាំនៃប្រទេសទាំងពីរ បាន និងកំពុងធ្វើឱ្យទំនាក់ទំនងនេះ មានការរីកធំធាត់ជាបន្តបន្ទាប់ តាមរយៈការជម្រុញឱ្យអនុវត្តនូវកិច្ចព្រមព្រៀងទាំងឡាយ ដែលបានចុះហត្ថលេខារួមគ្នារួចមកហើយ។ នេះបើតាមការបញ្ជាក់របស់លោក កេត សោផាន់ អ្នកនាំ ពាក្យក្រសួងការបរទេស នៅក្រោយកិច្ចប្រជុំលោក ប្រាក់ សុខុន  ជាមួយ លោក ឌីយ៉ូនីស្យូ ដាកូសតា បាបូសូរេស រដ្ឋមន្ត្រី ក្រសួងការបរទេស ទីម័រ។

នេះបើតាមកិច្ចពិភាក្សារវាង លោក ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោក ឌីយ៉ូនីស្យូ ដាកូសតា បាបូសូរេស រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ កាលពីល្ងាចថ្ងៃទី៣ខែមិថុនាឆ្នាំ ២០១៩ ម្សិលមិញ នៅទីស្តីការក្រសួង ។

លោក កេត សោផាន់ អ្នកនាំ ពាក្យក្រសួងការបរទេស បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបនោះថា ឯកឧត្តមឧប នាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតិចតួច ដែលសុំឲ្យភាគីទាំងពីរ អនុវត្តន៍លើកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយគ្នារួចហើយ លើការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែន ហើយមួយវិញទៀត កន្លងមកនេះ សភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងជាមួយគ្នាទាក់ទងទៅនិងការពង្រីកវិស័យទេសចរណ៍។

ជាមួយគ្នានោះ កិច្ចពិភាក្សាទ្វេភាគី ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ សំដៅពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ព្រមទាំងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួម ព្រមទាំងបញ្ហាបេក្ខភាពទីម័រខាងកើតចូលជាសមាជិកអាស៊ានផងដែរ។
ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ដល់អាហារូបករណ៍ចំនួន១០កន្លែង ដល់និស្សិតប្រទេសទីម័រខាងកើត មកសិក្សានៅប្រទេសកម្ពុជា ហើយបានត្រៀមលក្ខណៈទទួលនិស្សិតអាហារូបករណ៍ នៅខែតុលាខាងមុខនេះ។

សូមបញ្ជាក់ថា ប្រទេសទីម័រខាងកើត បានដាក់បេក្ខភាពជាសមាជិកអាស៊ានតាំងពីឆ្នាំ២០១១ រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំអាស៊ាន បានសម្រេចឲ្យក្រុមប្រឹក្សា សម្របសម្រួល អា ស៊ាន ប្រជុំពិនិត្យបេក្ខភាពប្រទេសនេះ។ អាស៊ាននឹងបញ្ជូន ក្រុមបេសកកម្មស្វែងរកការពិតចំនួន៣ក្រុម គឺ សហគមន៍នយោបាយ-សន្តិសុខ សេដ្ឋកិច្ចនិងសហគមន៍សង្គមវប្បធម៌ នឹងចុះទៅវាយតម្លៃ ពីស្ថានភាពពិតនៅប្រទេសទីម័រឡេស្តេក្នុងឆ្នាំ២០១៩នេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំអាស៊ាន ពិនិត្យសម្រេចបញ្ចូលជាសមាជិកអាស៊ាន៕