ក្រុមហ៊ុនយន្តហោះប៊ូអ៊ីង 737 Max អត់លក់បានមួយសោះ ចាប់តាំងពីមានបញ្ហាធ្លាក់យន្តហោះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2019 ក+ ក-

បរទេស ៖ នាយកប្រតិបត្តិក្រុមហ៊ុនយន្តហោះ ប៊ូអ៊ីង Dennis Muilenburg បាននិយាយ នៅក្នុង បទសំភាសន៍ទូរទស្សន៍ CNBC ថា ក្រុមហ៊ុន មិនទាន់បានទទួលការបញ្ជាទិញណាមួយ សម្រាប់ យន្តហោះ 737 Max នោះទេ ចាប់តាំងពីយន្តហោះប្រភេទនេះ ត្រូវបានផ្អាក ប្រតិ បត្តិការ បន្ទាប់ពីបានធ្លាក់ពីរដង។

ភាគហ៊ុនក្រុមហ៊ុន Boeing បានធ្លាក់ចុះជាង 1.5% បន្ទាប់ ពីបទសម្ភាសន៍ចាក់ផ្សាយ តាមទូរទស្សន៍។ កាលពីពេលថ្មីៗនេះ និយ័តករអាមេរិកបានបង្ហាញបញ្ហាថ្មីមួយ ពាក់ព័ន្ធនឹងយន្ដហោះ ប្រភេទ737 MAX ដោយនិយាយថា ម៉ូដែលយន្តហោះ ដែលមាន បញ្ហា ជាង 300 គ្រឿង និងយន្តហោះប្រភេទ737 ជំនាន់មុន អាចមានផ្នែកខ្លះ ផលិតមិនប្រក្រតី។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមហ៊ុន Azerbaijan Airlines ដែលបានលុបចោលកិច្ច សន្យា តម្លៃ 1 ពាន់លានដុល្លារ ដើម្បីទិញយន្ដហោះពីក្រុមហ៊ុននេះ 10 គ្រឿង។ លោក Muilenburg បាននិយាយផងដែរថា ក្រុមហ៊ុនរបស់លោក មិនបានផ្លាស់ប្តូរផែនការផលិតយន្តហោះ 737 MAX រយៈពេលវែងរបស់ខ្លួននោះទេ ។

លោកបានបន្ថែមថា យន្តហោះ 737 MAX នឹងត្រលប់មកវិញ មុនពេលចុងឆ្នាំនេះ ហើយលោកមានទំនុកចិត្តថា យន្តហោះទាំងនោះ នឹងមានសុវត្ថិភាព នៅពេលត្រលប់ មកធ្វើប្រតិបត្តិការវិញ៕