មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី អះអាងថា ប្រទេសណាក៏មានការសាងសង់ខ្លះដោយអត់ច្បាប់ដែរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2019 ក+ ក-

ភ្នំពេញ ៖ មិនថាតែកម្ពុជាទេ ប្រទេសដទៃទៀត ក៏មានសំណង់ខ្លះ បានសាងសង់ដោយអត់ច្បាប់ ដែរ តែទោះជាយ៉ាងណាក៏ដោយ ក៏កម្ពុជាបាន និងកំពុងទប់ស្កាត់នូវសំណង់អត់ច្បាប់ ទាំងឡាយ ឱ្យបានជា អតិបរិមា ដើម្បីឱ្យបា្រកដថា រាល់សំណង់ដែលបានសាងសង់រួច នឹងធានាបាននូវ គុណ ភាព។

នេះជាការគូសបញ្ជាក់របស់លោក ប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងសន្និសីទសារព័ត៍មាន ស្តីពីគោលការណ៍គ្រប់គ្រង បច្ចេកទេសសំណង់នៅកម្ពុជា ដែលរៀបចំឡើងដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តី ការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី៥ ខែកក្កដា ដោយអង្គភាព អ្នកនាំពាក្យបានគូសបញ្ជាក់ថា សន្និសីទ នេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ ដែលកំពុងផ្តោតការយកចិត្តទុកដាក់ លើ បញ្ហាសុវត្ថិភាពសំណង់ជាមួយនឹងចំណាត់ ការរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងកិច្ចថែរក្សា សុវត្ថិភាពក្នុងវិស័យសំណង់ជូនប្រជាពលរដ្ឋ ព្រមទាំងវិធានការជម្រុញឱ្យអ្នកសាងសង់ សំណង់ គោរពបទដ្ឋាន បរិស្ថាន ជាដើម ដោយសន្និសីទសារ ព័ត៌មានស្តីពីគោលការណ៍ គ្រប់គ្រងបច្ចេក ទេសសំណង់ នៅកម្ពុជានេះធ្វើឡើង នៅក្រោយពីមានហេតុ ការណ៍រលំបាក់អគារកម្ពស់ ៧ជាន់ នៅខេត្តព្រះសីហនុ ដែលបានបង្ករឱ្យមានអ្នកស្លាប់ និងរបួសជាង ៥០នាក់ កាលពី ខែមិថុនា កន្លង ទៅថ្មីៗនេះ។

លោក ប៊ិន សម្បត្តិថារ័ត្ន បានលើកឡើងថា សម្រាប់កម្ពុជាបច្ចុប្បន្នការសាងសង់អគារខ្ពស់ៗនិង បុរីកំពុងរីកដុះដាលដូចផ្សិត ដែលសំណង់ទាំងនេះគឺជាបាតុភូតថ្មីសម្រាប់កម្ពុជា ហើយថាក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់វិធានការតឹងរឹងចំពោះការសាងសង់ជារៀងរហូត មក មិនមែនតែនៅពេលនេះទេ ដោយក្រសួងបានកសាងនូវបទដ្ឋានគតិយុត្ត និងច្បាប់ជាច្រើន ដើម្បី បំរើដល់ការអនុវត្តនៃការគ្រប់គ្រងផ្នែកសំណង់ ក្នុងនោះវិធានការដែលចាំបាច់ គឺការពង្រឹង ការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យទៅលើការសាងសង់ តាមរយៈការចេញលិខិតអនុញ្ញាត សាងសង់ លិខិតអនុញ្ញាតបើកការដ្ឋាន លិខិតបិទការដ្ឋានជាដើម ដោយគ្រប់ការងារសាងសង់ទាំង អស់ដាច់ខាតគឺត្រូវតែ មានលិខិតអនុញ្ញាតសាងសង់ ទើបអាចសាងសង់បាន។

ដូច្នេះទាំងម្ចាស់សំណង់ ទាំងអ្នកប្រកបអាជីវកម្មសាងសង់ អ្នកប្រកបអាជីវកម្មគូរប្លង់ ត្រូវតែធានា ច្បាស់ ក្នុងចិត្តថា គម្រោងសាងសង់របស់ខ្លួន ទទួលបានលិខិតអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬក៏ពីអាជ្ញាធររាជធានី ខេត្ត ទើបអាចដំណើរការសាងសង់បាន ហើយ ក្នុងដំណាក់កាលនៃការសាងសង់មន្ត្រីជំនាញត្រូវតែចុះទៅពិនិត្យមើលការងារនៅការដ្ឋានសាងសង់ ទាំងការការងារនៅក្រោមដី ទាំងការងារនៅលើដី និង ទាំងការងារនៅតាមជាន់នីមួយៗ នៃអគារ ដោយគ្រឿងសំណង់ និងការងារចាក់បេតុងគ្រប់សន្លឹកទាំងអស់ ត្រូវតែមានអ្នកត្រួតពិនិត្យ។

ពាក់ព័ន្ធទៅនឹងការរលំបាក់អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯក ឧត្តម ផៃ ស៊ីផាន មានប្រសាសន៍ថា យើងបានបង្កើតឱ្យ មានគណៈកម្មការមួយ ដើម្បីធ្វើការស៊ើប អង្កេតដើម្បីរកឱ្យឃើញពីមូលហេតុ និងអ្នកពាក់ព័ន្ធឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ដោយរាជ រដ្ឋាភិបាលមិនបានការពារចំពោះអ្នកប្រព្រឹត្តិខុសនោះទេ៕