រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រាប់មន្ត្រីអង្គការ ILO ពីការលើកស្ទួយឧស្សាហកម្មវាយនភណ្ឌនៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2019 ក+ ក-

​ដោយ ៖​ ផានូរ៉ាត

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីកិច្ចប្រែងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង តាមរយៈការគាំទ្រ និងបន្តសហការកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា របស់អង្គការពលកម្មអន្តរជាតិ (ILO-BFC) ការធ្វើវិសោធនកម្មច្បាប់សហជីព និងកែលម្អរសិទ្ធិការងារ ព្រមទាំងការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ជាដើម។

នៅក្នុងជំនួបដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយលោកស្រី ហា ហ្វៀងហុង (Ha Nguyen Hong) នាយកកម្មវិធី ការងារកាន់តែប្រសើរនៃអង្គការ ILO នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរ ហៅកាត់ថា BFC របស់អង្គការពលកម្មអន្តរជាតិ និងបានសន្យាជួយជំរុញរោងចក្រផលិតសម្ភារៈ ធ្វើដំណើរ ចូលរួមនៅក្នុងកម្មវិធីនេះឱ្យបានច្រើន។

លោកបន្ថែមថា ក្រសួងពាណិជ្ជកម្ម បានទទួលការឯកភាពពីរាជរដ្ឋាភិបាល ដើម្បីបន្តអនុវត្តកម្មវិធី BFC រយៈពេលបីឆ្នាំទៀត (២០២០-២០២២) ដូច្នេះសូម ILO-BFC រៀបចំសេចក្តីព្រាងអនុស្សរណនៃការយោគយល់គ្នា ដើម្បីត្រៀមចុះហត្ថលេខានៅកំឡុងខែតុលាខាងមុខ ហើយសូមធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនកិច្ចការនេះ ។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកស្រី ហា ហ្វៀងហុង អំពីគោលដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ និងកិច្ចសហប្រតិបត្តិការល្អ រវាង ILO-BFC ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានស្នើសុំអង្គការ ILO ផ្ទេរចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតអំពីវិធីសាស្រ្តវាយតម្លៃលក្ខខណ្ឌការងារ នៅតាមបណ្តារោងចក្រដល់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដឹកនាំការត្រួតពិនិត្យនៅក្នុងឆ្នាំបន្ទាប់ ។

ជាការឆ្លើយតប លោកស្រី ហា ហ្វៀងហុង បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ដែលបានបកស្រាយអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលសម្រេចបាននានារបស់រាជរដ្ឋាភិបាលកម្ពុជា និងតែងតែបានផ្តល់ការគាំទ្រដល់ ILO-BFC ដើម្បីចូលរួមពង្រឹងស្តង់ដារ និងលក្ខខណ្ឌការងារ សម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងស្បែកជើង ៕