អ្នកកាសែត​ខ្មែរ​ និងបរទេស៧៣នាក់ ចេញដំណើរទៅពិនិត្យមូលដ្ឋានកងទ័ពជើងទឹករាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 July, 2019 ក+ ក-

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា នេះ បានដឹកនាំអ្នកសារព័ត៌មានទៅពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីមានការចោទថា កម្ពុជាអនុញ្ញាតឱ្យចិន សាងសង់មូលដ្ឋានទ័ពនៅទីនោះ។

ដូចការគ្រោងទុក នៅព្រឹកនេះ អ្នកនាំពាក្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុប៧៣នាក់ បានធ្វើដំណើរចុះពិនិត្យមើលទីតាំងមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ ដើម្បីស្វែងរកការពិត។ តាមការកត់សម្គាល់ ក្រៅពីសារព័ត៌មាន Fresh News និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៅក្នុងប្រទេសកម្ពុជា តំណាងស្ថាប័នព័ត៌មានបរទេសមួយចំនួនទៀត ដែលនឹងចូលរួមពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាមនេះ មានដូចជា AP, Reuters, VOA, Cambodia China Times, AFP, Xinhua, Cambodia China Friendship Radio និង Japanese TV ជាដើម។

គួររំលឹកថា គម្រោងដឹកនាំអ្នកកាសែតទៅមើលមូលដ្ឋានកងទ័ពជើងទឹករាមនេះ បន្ទាប់ពីសារព័ត៌មាន មួយរបស់សហរដ្ឋអាម៉េរិកឈ្មោះ the Wall Street Journal បានចុះផ្សាយថា កម្ពជា បានចុះកិច្ចព្រមព្រៀងជាសម្ងាត់ជាមួយរដ្ឋាភិបាលចិន កាលពីប៉ុន្មានខែមុននេះ ដើម្បីអនុញ្ញាតឱ្យកងទ័ពចិនបោះទីតាំងឈរជើងក្នុងមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា។
ជាមួយគ្នានេះ មានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយថា «កម្ពុជាបដិសេធចំពោះជំនួយសហរដ្ឋអាមេរិក ក្នុងការជួសជុលអគារមួយកន្លែង នៅមូលដ្ឋានកងទ័ពជើងទឹករាម»។

ក្រោយការផ្សព្វផ្សាយនេះ ឧបការីរងក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លោក Joseph Felter បានសរសេរលិខិតមួយផ្ញើទៅរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្ដេច ទៀ បាញ់ ដើម្បីឱ្យពន្យល់អំពីមូលហេតុដែលកម្ពុជា បដិសេធជំនួយរបស់សហរដ្ឋអាមេរិក ក្នុងការជួសជុលអគារហ្វឹកហ្វឺន និងផ្ទុកសម្ភារៈ នៅមូលដ្ឋានកងទ័ពជើងទឹករាម។ មន្រ្តីយោធាជាន់ខ្ពស់អាមេរិករូបនេះ ដាក់ការសង្ស័យថា ពាក់ព័ន្ធនឹងរឿងនេះ កម្ពុជាអាចបើកផ្លូវឲ្យចិនមានវត្តមាននៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានធ្លាប់បានបញ្ជាក់ថា ការចុះផ្សាយថា «កម្ពុជាបដិសេធចំពោះជំនួយសហរដ្ឋអាមេរិក ក្នុងការជួសជុល អគារមួយកន្លែង នៅមូលដ្ឋានកងទ័ពជើងទឹករាម» គឺជាដំណឹងមិនពិតនោះទេ ដោយហេតុថា ក្រសួងការពារជាតិ ពុំដែលបានស្នើទៅអាមេរិក ដើម្បីជួសជុលអគារខាងលើនេះម្តងណាទេ។

បើតាមអ្នកនាំពាក្យ, ពាក់ព័ន្ធនឹងលិខិតរបស់ ឧបការីរងក្រសួងការពារជាតិសហរដ្ឋអាមេរិកនោះ ក្រសួងការពារជាតិកម្ពុជា ក៏បានអញ្ជើញអនុព័ន្ធយោធាប្រចាំការនៅក្នុងស្ថានទូតអាមេរិក មកស្តាប់ការបំភ្លឺ អំពីមូលហេតុដែលកម្ពុជាមិនទាន់មានភាពចាំបាច់ ក្នុងការទទួលជំនួយសហរដ្ឋអាមេរិក ដើម្បីជួសជុលអគារខាងលើនេះផងដែរ៕