សម្តេចតេជោ ស្នើឲ្យជប៉ុនជួយសិក្សា និងវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 August, 2019 ក+ ក-

ភ្នំពេញ ៖ លោក ណូរីកាហ្សូ ស៊ូហ្សុយគី (Norikazu SUZUKI) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ទទួលបន្ទុកកិច្ចការសភា រសៀលថ្ងៃទី២១ ខែសីហា បានចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។ ក្នុងជំនួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើដល់ភាគីជប៉ុនឲ្យជួយ ធ្វើការសិក្សា និងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ក្រោមរូបភាព BOT នៅភ្នំពេញ ដើម្បីរំដោះការកកស្ទះចរាចរណ៏។

ការកកស្ទះនៅភ្នំពេញ កំពុងក្លាយជាក្តីបារម្ភ របស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ នៅក្នុងជំនួបនារសៀលថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើជប៉ុនជួយមកវិនិយោគធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្រោមរូបភាព BOT និងរាជធានីភ្នំពេញដើម្បីដោះស្រាយការកកស្ទះចរាចរណ៍។ នៅបើតាម លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយជំនួប។ ថ្មីៗនេះ ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនរាជធានីភ្នំពេញ ជប៉ុនក៏បានធ្វើការសិក្សាក្នុងការសាងសង់រថយន្តភ្លើងលើអាកាស និងក្រោមដី ដើម្បីបញ្ចៀសកកស្ទះចរាចរណ៏។ លោក ណូរីកាហ្សូ ស៊ូហ្សុយគី បានបញ្ជាក់ជូនសម្តេចតេជោ ថា នេះជាលើកដំបូងដែលលោកមកបំពេញទស្សនកិច្ចនៅកម្ពុជា គ្រាដែល លោកទើបត្រូវបាតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសកាលពីឆ្នាំមុន និងត្រូវទទួលបន្ទុកកិច្ចការនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងអំពីគម្រោងនានាដែលជប៉ុនបានជួយកម្ពុជានាពេលកន្លងទៅជាមួយនឹងគម្រោងផ្សេងៗនៅកំពុងតែអនុវត្តដូចជាផ្លូវជាតិលេខ១ លេខ៥ រួមជាមួយនឹងការជួសជុលប្រាសាទផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការអរគុណដល់រដ្ឋាភិបាលជប៉ុនដែលតែងតែជួយដល់កម្ពុជា តាំងតែពីគ្រាលំបាកនៅក្នុងការស្វែងរកសន្តិភាពរហូតដល់ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍រីកចំរើនដូចពេលបច្ចុប្បន្ន។ ជប៉ុនបានផ្ដល់ជំនួយច្រើនជាងគេនៅកម្ពុជាជួយដល់កម្ពុជាស្ទើរគ្រប់វិស័យ។ សម្ដេចបានបញ្ជាក់ថា ភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នមិនអាចកាត់ផ្ដាច់ពីជំនួយរបស់ប្រទេសជប៉ុនបាននោះទេ។ សម្ដេចតេជោបញ្ជាក់ថា មានកត្តាពីរដែលប្រទេសកម្ពុជា ក៏ដូចជាសាកលលោកត្រូវការ ដើម្បីរីកចម្រើន នោះគឺ កត្តាស្ថេរភាពនយោបាយ និងកត្តាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាកត្តាសំខាន់ដែលធ្វើឲ្យប្រទេសមួយមានការរីកចម្រើន។

សម្ដេចតេជោបានបញ្ជាក់ថាជំនួយរបស់ប្រទេសជប៉ុនមិនមែនត្រឹមតែផ្លូវជាតិលេខ១ ឬលេខ ៥ ប៉ុណ្ណោះទេប៉ុន្តែជប៉ុនបានចូលរួមដល់ការអភិវឌ្ឍកំពង់ផែនិងធ្វើទំនើបកម្មនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ក្រៅពីជំនួយ និងកម្ចីរបស់ប្រទេសជប៉ុន ដល់កម្ពុជា គេសង្កេតឃើញថា កំណើនវិនិយោគរបស់វិនិយោគិនជប៉ុននៅកម្ពុជា ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ គ្រាដែលអ្នកទេសចរជប៉ុនក៏មានការកើនឡើងជាច្រើននៅកម្ពុជាផងដែរ៕