នាយករដ្ឋមន្រ្តី​វ័យចំណាស់បំផុតលើពិភពលោករបស់ម៉ាឡេស៊ី ​ធ្វើទស្សនកិច្ចនៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2019 ក+ ក-

ភ្នំពេញ ៖ លោកបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងភរិយា នឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី២-៤ ខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៩ បានឲ្យដឹងថា ក្នុងអំឡុងទស្សនកិច្ច នាយករដ្ឋមន្រ្តីម៉ាឡាស៊ី នឹងចូលជួបសំដែងការគួរ សម ដាច់ដោយឡែកពីគ្នាចំពោះ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

នាយករដ្ឋមន្រ្តីម៉ាឡាស៊ី ក៏នឹងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ នាយករដ្ឋ មន្រ្តីនៃកម្ពុជា ដែល នៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃ កិច្ចសហប្រតិបត្តិការ ទ្វេភា និងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលមានផល ប្រយោជន៍រួមផងដែរ ។បន្ទាប់មក នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារ អនុ ស្សរណៈមួយចំនួន ហើយនិងចេញសេចក្តីប្រកាសព័ត៌មានរួមគ្នា។

តាមការគ្រោងទុក ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកបណ្ឌិត មហាធា មហាម៉ាត់ នឹង អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ នៅមណ្ឌបព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ផងដែរ។ក្រៅអំពីការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លោកបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ក៏នឹងអញ្ជើញធ្វើបឋកថាពិសេស ស្តីពីសេដ្ឋកិច្ចម៉ាឡេស៊ី ទៅកាន់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ដោយឡែក លោកជំទាវបណ្ឌិត ស៊ីទី ហាស់ម៉ា មហាម៉ាត់ អាលី (ភរិយានាយករដ្ឋមន្ត្រី) ក៏និងអញ្ជើញទៅកាន់ទីស្នាក់ការកាកបាទក្រហមកម្ពុជា ចូលជួបសម្តែងការគួរសម សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា-ហើយលោគជំទាវក៏និងអញ្ចើញ បំពេញទស្សនកិច្ចសារមន្ទីរព្រះស្រីឦសានវរ្ម័នផងដែរ។

គួររំលឹកថា លោក មហាធៀ ម៉ូហាម៉ាដ (Mahathir Mohamad) អ្នកនយោបាយជនជាតិម៉ាឡេស៊ី មានវ័យ៩៤ឆ្នាំ បានស្បថចូលកាន់តំណែងជាផ្លូវការជានាយករដ្ឋមន្ត្រីទី៧ របស់ម៉ាឡេស៊ី បន្ទាប់ ពីទទួលបានជោគជ័យនៅក្នុងព្រឹត្តិការណ៍បោះឆ្នោត កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ កន្លង ទៅនេះ ដោយបានផ្តួលគណបក្សរបស់អតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់៕