កិច្ចប្រជុំណែនាំស្តីពីការរៀបចំគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឆ្នាំ២០២០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2019 ក+ ក-

ភ្នំពេញ ៖ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២ ខែកញ្ញា នេះ បានបើកកិច្ចប្រជុំណែនាំ ស្តីពីការរៀបចំគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឆ្នាំ២០២០ ដែលការរៀបចំគម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបានអនុលោមតាមសារាចរណែនាំ ស្តីពី នីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយបានរៀបចំនិងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិបានគូសបញ្ជាក់ថា ដោយមានការសហការជាមួយក្រុមការងារគាំទ្រនៅថ្នាក់រាជធានី/ខេត្ត បានដើរតួរនាទីយ៉ាងសំខាន់ក្នុងបេសកកម្មផ្សព្វផ្សាយខ្លឹមសារសារាចរជូនដល់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីដំណើរនៃការរៀបចំគម្រោងថវិកាប្រចាំឆ្នាំបានច្បាស់ លាស់ អាចអនុវត្តបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ជាបទពិសោធន៍កន្លងមក ការរៀបចំគម្រោង ថវិការបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ គិតចាប់ពីឆ្នាំ២០១៤មកនៅមិនទាន់មានដំណើរការបានរលូននៅឡើយ ពោលគឺ៖ ការអនុវត្តគោលការណ៍បចេ្ចកទេសនានានៅខ្វះចន្លោះ និងមានការយឺតយ៉ាវយ៉ាងខ្លាំងក្នុងការផ្ញើ គម្រោងថវិកាមកថ្នាក់ជាតិដើម្បីធ្វើការបូកសរុបជាជំពូកមួយនៃច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំ។

ឯកឧត្តមថា ដូច្នេះហើយទើបចាប់ពីឆ្នាំ២០១៦ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំឲ្យមានជាកិច្ចប្រជុំណែនាំស្តីពី ការរៀបចំគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីធ្វើការ បណ្តុះបណ្តាលបន្ថែមដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការរៀបចំថវិកាប្រចាំឆ្នាំរបស់ខ្លួនឲ្យបានទាន់ពេល វេលា ដោយកិច្ចប្រជុំនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រៀបចំ គម្រោងថវិកាអនុលោមទៅតាមគោលការណ៍ណែនាំនានា ស្របតាមសារាចណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រៀបចំ និងដាក់ជូនក្រុមប្រឹក្សារដ្ឋបាលក្រុង ស្រុក ខណ្ឌ នីមួយៗ អនុម័តបានទាន់ពេលវេលា ព្រមទាំងធានាថាធនធានសាធារណៈត្រូវបានគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងចំទិសដៅ អាទិភាពឆ្ពោះទៅលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន៕