ឃុំខ្លួនអតីតសកម្មជនបក្សប្រឆាំង៣រូបដែលបង្ហោះសារគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2019 ក+ ក-

ភ្នំពេញ ៖ អតីតសកម្មជន និងសមាជិកក្រុមប្រឹក្សាឃុំគណបក្សប្រឆាំង ៣នាក់ ត្រូវតុលាការនៅពន្ធនាគារបណ្ដោះអាសន្ន បន្ទាប់ពីពួកគេបានបង្ហោះសារ និងចែករំលែកព័ត៌មានវិទ្យុអាស៊ីសេរី ដែលគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជា។

លោក សំ សុគង់ មេធាវីការពារក្ដីឱ្យអតីតសកម្មជនគណបក្សប្រឆាំង បានប្រាប់ថា កូនក្ដីរបស់លោកត្រូវតុលាការចោទប្រកាន់ចំនួន ៥បទចោទ។ ការសម្រេចចោទប្រកាន់និងឃុំខ្លួនកូនក្ដីរបស់លោក ដោយតុលោកថា តុលាការសំអាងលើសកម្មភាពនៃការបង្ហោះសារ ការចែករំលែកព័ត៌មានវិទ្យុអាស៊ីសេរី ដែលគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយចោទប្រកាន់កូនក្តីរបស់លោកចំនួន ៥បទល្មើស គឺទី១ បទបរិហាកេរិ៍្តជាសាធារណៈ ទី២ ជេរប្រមាថជាសាធារណៈទី៣ បទ ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បទ មិនគោរពទៅតាមសាលដីកាសម្រេចរបស់តុលាការ ទី៥ ទាក់ទងនឹងសកម្មភាពធ្វើនយោបាយ »។

បើតាមហ្វេសប៊ុករបស់លោក Rus Kimsieng ក្នុងអំឡុងខែសីហា ឆ្នាំ២០១៩ បានបង្ហោះសារគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ក្រៅពីនោះ លោក Rus Kimsieng បានចែករំលែកព័ត៌មានរបស់វិទ្យុអាស៊ីសសេរី ស្ដីពីការរៀបចំកម្លាំង ដើម្បីអមដំណើរអតីតមេដឹកគណបក្សប្រឆាំង សម រង្ស៊ី ពេលចូលមកកម្ពុជាផងដែរ។

សូមជម្រាបថា សមាសភាពអតីតមន្ត្រីបក្សប្រឆាំងដែលត្រូវតុលាការសម្រេចឃុំខ្លួនទាំងបីរូបគឺ លោក ស៊ុន ប៊ុនថុន ជាសមាជិកក្រុមប្រឹក្សាឃុំបារាយ និង លោក នូ ភឿន សមាជិកប្រតិបត្តិឃុំ ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។ ដោយឡែក លោក រស់ គឹមសៀង ជាអតីតប្រធានយុវជនខេត្តកំពង់ធំ ត្រូវបានតុលាការឃុំខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩៕