រដ្ឋបាលរាជធានី នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AIMF នៅដើមខែធ្នូចុងឆ្នាំនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2019 ក+ ក-

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលេខាធិការដ្ឋាន រៀបចំមហាសន្និបាត របស់សមាគម អន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសារបារាំង (AIMF) លើកទី៣៩ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារបច្ចុប្បន្នភាពដើម្បីត្រៀមឆ្ពោះទៅការរៀបចំមហាសន្និបាតAIMFលើកទី៣៩ដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា មកដល់ពេលនេះ យើងបានរៀបចំការងារបានមួយចំនួនធំហើយ ស្ដីពី វឌ្ឍនភាព នៃការងារត្រៀមរៀបចំនេះ ដែលនឹងមានតំណាងទីក្រុងចំនួន៣០៤ចូលរួម។ លោក អភិបាលបានជំរុញអោយមន្ត្រីពាក់ពន្ធ័ពិភាក្សា ផ្តល់យោបល់ឲ្យបានស៊ីជំរៅ លើការងារដែលនៅសេសសល់ ឲ្យបានរួចរាល់តាមការគ្រោងទុក។

កិច្ចពិភាក្សានេះក៏បានបង្ហាញពីពង្រាងកម្មវិធីសំរាប់កិច្ចប្រជុំ AIMF លើកទី៣៩ ដែលគ្រោងធ្វើនៅថ្ងៃទី២ទី៣និងទី៤ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមប្រធានបទ “ទីក្រុងដែលមានភាពធន់ ការគិតគូពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ”។ ជាមួយគ្នានេះ ក៏ស្របគ្នាទៅនឹងខួបលើកទី៤០ នៃការបង្កើតសមាគម AIMF ហើយក៏ស្របគ្នា នៃខួបលើកទី៤០ របស់រាជធានីភ្នំពេញ ក្រោយថ្ងៃរំដោះ ពីរបបប្រល័យពូជសាសន៏។

សូមបញ្ជាក់ថា រាជធានីភ្នំពេញ ត្រូវបានគណៈកម្មាធិការអអចិន្ត្រៃយ៏របស់ AIMF ក្នុងកិច្ចប្រជុំលើកទី៣៨ របស់ AIMF នៅទីក្រុងលីល ប្រទេសបារាំង កាលពីថ្ងៃទី៥ដល់ថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ បានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទី៣៩ ។ នេះជាឧិកាសដ៏មានតម្លៃដែលរាជធានីភ្នំពេញ បង្ហាញស្នាដៃ និងបទពិសោធន៏ ក្នុងការអភិវឌ្ឍន៏ទីក្រុង ដែលងើបចេញពីវាលពិឃាតប្រល័យពូជសាសន៏ រហូតមានការអភិវឌ្ឍន៏រីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕