១០ឆ្នាំនេះ មជ្ឈមណ្ឌល CFC ជួយសម្រួលឲ្យផលិតករបរទេសថតកុននៅកម្ពុជាជាង៦០០គម្រោង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2019 ក+ ក-

ភ្នំពេញ ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា ហៅកាត់ថា CFC បានបញ្ជាក់ថា ខ្លួនបានជួយសម្របសម្រួលផលិតករបរទេស ដើម្បីចូលមកថតភាពយន្ត និងឯកសារនៅកម្ពុជា បានចំនួនជាង៦០០គម្រោង គិតជាទឹកប្រាក់ជាង៣៧លានដុល្លារ។

លោក គង់ កន្ថារ៉ា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់នៅក្នុងពិធីប្រារព្ធខួប១០ឆ្នាំ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជាកាលពីចុងសប្តាហ៏កន្លងទៅនេះ ដោយបានចាត់ទុកវិស័យសិល្បៈភាពយន្តជាវិស័យអាទិ ភាពមួយ ក្នុងចំណោមវិស័យផ្សេងៗទៀត ដែលមានឥទ្ធិពលយ៉ាងទូលំទូ លាយក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដូច្នោះ ប្រមុខរាជរដ្ឋាភិបាល បានជំរុញឲ្យកម្ពុជាក្លាយជាដែនដីស្វាគមន៏ក្រុមថតភាព យន្តបរទេស។ ទន្ទឹមគ្នានេះ ការថតភាពយន្តនៅកម្ពុជា បានផ្តល់ចំណូលចូលសេដ្ឋកិច្ច និងផ្តល់ឱកាសការងារដល់ផលិតករភាពយន្តក្នុងស្រុកទទួល បាន ប្រាក់កំរៃខ្ពស់ និងរៀនបទពិសោន៏ពីអ្នកជំនាញផលិតភាពយន្តបរទេសទៀត ផង។

លោក ជាប សុវិជ្ជា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថត ភាពយន្តបរទេស បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩មក មជ្ឈមណ្ឌល បានសម្របសម្រួលការថតភាពយន្តនៅកម្ពុជា បានចំនួន៦០០គម្រោង ហើយការចំណាយលើការផលិតខ្សែភាពយន្តបរទេសនៅក្នុងសេដ្ឋកិច្ចជាតិបានប្រមាណ៣៧លានដុល្លារ ដែលផ្តល់ឱកាសការងារជិត៣សែនថ្ងៃដល់អ្នកជំនាញភាពយន្តរបស់កម្ពុជា។

គួរបញ្ជាក់ថា មជ្ឈមណ្ឌល CFC រយៈពេល១០ឆ្នាំមកនេះ CFC ធ្លាប់បានសម្របសម្រួលក្នុងការថតភាពយន្តល្បីៗ ដូចជារឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដោយលោក ស្រី Angelina Jolie រឿង Transformers រឿង Dark of the Moon រឿង Act of Valor និងរឿងទ្វាររបង។ ទន្ទឹមនោះក៏មានភាពយន្តល្បីផ្សេងទៀត ដូចជារឿង Onoda រឿងរសាត់អណ្តែត និងរឿង Almayer’s Fotty ជាដើម។

សូមជម្រាបដែរថា CFC ត្រូវបានបង្កើត និងផ្តួចផ្តើមឡើងដោយអ្នកដឹក នាំរឿងល្បីឈ្មោះ និងជាបេក្ខជនអូស្ការលោក រិទ្ធី ប៉ាន់ ដោយបានធ្វើការ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្តសិល្បៈក្រោមជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍបារាំង AFD។ បេសកកម្មរបស់ CFCនៅលើឆាក អន្តរជាតិ គឺក្នុងបំណងដើម្បីលើកកំពស់កម្ពុជាឲ្យក្លាយជាដែនដីស្វាគមន៏ ក្រុមថតភាពយន្តបរទេស ដោយជួយសម្របសម្រួលដល់ការថតនៅក្នុងប្រទេស ផ្តល់ការគាំទ្រផ្នែករដ្ឋបាល និងបច្ចេកទេសដល់ផលិតកម្មបរទេស៕