​លោក អ៊ី ឈាន អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំចំនួន៣ ក្នុងស្រុកសាលាក្រៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2019 ក+ ក-

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយអភិបាលរងខេត្ត អភិបាលស្រុកសាលាក្រៅ និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលវាយប្រហារក្នុងឃុំចំនួន៣ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះផងដែរ លោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា៖ ក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិ បានត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរប៉ះពាល់ ដល់ជីវភាពរស់នៅនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ ។

លោកប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកភ្លៀង ដែលនៅតែបន្តធ្លាក់នៅខេត្តប៉ៃលិន ជាមួយគ្នានេះត្រូវស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវផងដែរ។

ជាងនេះទៅទៀតអាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ផងដែរ៕