ជំនន់ទឹកភ្លៀងហូរកាត់បំផ្លាញផ្លូវ និងលិចប្រព័ន្ធធារាសាស្រ្តមួយចំនួនក្នុងខេត្តឧត្តរមានជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2019 ក+ ក-

ខេត្តឧត្តរមានជ័យ ៖ យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានអោយដឹងថា មេឃធ្លាក់ភ្លៀងចាប់ ពីថ្ងៃទី២១ ដល់២២ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងកំរិតបរិមាណទឹកភ្លៀង ចាប់ពី៦០មម ទៅ១៣០ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិច ហូរកាត់ផ្លូវលំនៅតំបន់មួយចំនួន តែមិនប៉ះពាល់ដល់លំនៅដ្ឋាន ស្រែចំការប្រជាពលរដ្ឋនោះទេ។

តាមរបាយការណ៍បញ្ជាក់ថា រហូតថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្ថានភាពមេឃ នៅតែធ្លាក់ភ្លៀងបន្ត ដែលធ្វើអោយទឹកជំនន់ភ្លៀងហក់ឡើង ហូរកាត់ផ្លូវលំតាមបណ្តាលក្នុងភូមិសាស្រ្តនានា ក្នុងឃុំពង្រ ឃុំចុងកាល់ ឃុំជើងទៀន ស្រុកចុងកាល់ និងឃុំគោកខ្ពស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តែមិនប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋនោះទេ។

ដោយឡែកនៅភូមិសាស្រ្តស្រុកអន្លង់វែង ជំនន់ទឹកភ្លៀងបានហូរកាត់ផ្លូវប្រវែង ២០០ម៉ែត្រ ស្ថានភាពកំពស់ទឹកជម្រៅ ០,៥០ម៉ែត្រ ស្ថិតនៅចំណុចស្ពានស្រឡៅស្រោង ភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយបច្ចុប្បន្ន មិនអាចធ្វើចរាចរណ៍ តាមម៉ូតូ និងរថយន្តកើតឡើយ។ ហើយផ្លូវត្រង់ចំណុចអូរទួលប្រាសាទ ក៏រងគ្រោះទឹកហូរកាត់ ប្រវែង៤៣ ម៉ែត្រកំពស់ទឹក ០,៤០ម៉ែត្តស្ថិតនៅ ភូមិទួលប្រាសាទ ឃុំ ថ្លាតស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបច្ចុប្បន្នអាចម៉ូតូនិងគោយន្តបាន ។

គួរបញ្ជាក់ថា ស្ថានភាពទឹកជំនន់ភ្លៀង នៅមិនទាន់ប៉ះពាល់ដល់លំនៅដ្ឋាន ឬផលដំណាំចំការ នៅឡើយទេ ព្រោះនៅតំបន់ជន់លិចនានាខាងលើ ជាតំបន់ទំនាប និងជាប់ប្រព័ន្ធធារាសាស្រ្ត ដែលពុំមានផ្ទះសំបែង ឬចំការដំណាំនៅតំបន់នោះឡើយ។ ដោយឡែកផ្លូវ ជំនន់ទឹកភ្លៀងហូរកាត់ និងលិចមិនអាចធ្វើដំណើរបានប៉ុណ្ណោះ៕