ផ្អាកចរាចរណ៍បណ្តោះអាសន្នលើស្ពានព្រះមុន្នីវង្សចាស់ ឆ្ពោះទៅទិសមហាវិថីព្រះមុន្នីវង្ស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2019 ក+ ក-

ភ្នំពេញនៅយប់ថ្ងៃទី១៤ ខែតុលានេះ អាជ្ញាធររាជធានីនឹងប្រកាសបិទ មិនអោយធ្វើចរាចរណ៍ បណ្តោះអាសន្ន ពីស្ពានព្រះមុន្នីវង្សចាស់ ឆ្ពោះទៅទិសមហាវិថីព្រះមុន្នីវង្ស ដើម្បីធានាសុវត្ថិភាពការដ្ឋាន ស្ថាបនាស្ពានអាកាសក្បាលថ្នល់។

យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីធានាសុវត្ថិភាពការដ្ឋានស្ថាបនាស្ពានអាកាសក្បាលថ្នល់ថ្មី ចាប់ពីវេលាម៉ោង ២១:០០យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដល់ម៉ោង ៥:០០ទៀបភ្លឺ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ អាជ្ញាធរតម្រូវបិទផ្លូវមិនឱ្យធ្វើចរាចរ ចុះពីស្ពានព្រះមុន្នីវង្សចាស់ ឆ្ពោះទៅទិសមហាវិថីព្រះមុន្នីវង្សឡើយ។

ការសម្រេចបិទចរាចរណ៍នេះ ដោយសារតែការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់បន្ថែម ត្រូវការចាក់បេតុងតួស្ពានដំណាក់កាលទី១ អាស្រ័យដូច្នេះសូមសាធារណជន មេត្តាជ្រាប និង យោគយល់អធ្យាស្រ័យ ដោយសេចក្តីអនុគ្រោះ។

ជាមួយគ្នានេះដែរ មន្ទីរសាធារណការរាជធានីភ្នំពេញបានអៈអាងថា ចំពោះចរាចរពីស្ពានព្រះមុនី្នវង្សចាស់ បត់ស្តាំ មកមហាវិថីព្រះនរោត្តម ចរាចរពីមហាវិថី ព្រះមុនី្នវង្ស ទៅស្ពានព្រះមុនីវង្សថ្មី និងចរាចរទៅមកលើស្ពានអាកាសក្បាលថ្នល់ នឹងអនុញ្ញាត្តអោយធ្វើចរាចរជាធម្មតា។

សូមបញ្ជាក់ថា ស្ពានអាកាសថ្មីបន្ថែម ពីលើស្ពានដែលមានស្រាប់នៅតំបន់ក្បាលថ្នល់នេះ ត្រូវភ្ជាប់ជាមួយចំណុចផ្លូវប្រសព្វផ្លូវ៦០ម៉ែត្រ ផ្លូវព្រះមុនីវង្ស និង ផ្លូវ២៧១ មានព្រំប្រទល់ ជាប់ខណ្ឌមានជ័យ និងខណ្ឌចំការចំការមន៕