ពលរដ្ឋជាង៥០ម៉ឺននាក់ចូលរួមទស្សនាព្រឹត្តិការប្រណាំងទូកនៅក្រុងតាខ្មៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2019 ក+ ក-

ខេត្តកណ្តាលប្រណាំងទូករយៈពេល២ថ្ងៃបានបញ្ចប់ដោយភាពជោគជ័យនិងសប្បាយរីករាយ ហើយព្រឹត្តិការណ៍នេះមានប្រជាពលរដ្ឋមិនតិចជាង៥០ម៉ឺននាក់ដែលបានមកលេងនិងទស្សនា ។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលនៅក្នុងពិធីបិទបញ្ចប់ការប្រណាំងទូកនិងប្រគល់ពានជ័យលាភីដល់កីឡាករទូកថ្ងៃទី១៣ ខែ តុលា នេះ។

លោកបានមានប្រសាសន៍ទៀតថា ក្នុងនាមរដ្ឋបាល ខេត្ត ពិតជាមានមោទនៈភាពណាស់ បន្ទាប់ពីពិធីប្រណាំងទូកបានបញ្ចប់ទៅដោយរលូន លាយឡំជាមួយភាពសប្បាយរីករាយ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ និងមិនតិចជាង៥០ម៉ឺននាក់នោះទេ។ ឯកឧត្តម បានបន្តថា ពិធីប្រណាំងទូកនេះ មានទូកចូ លរួមទាំងអស់ចំនួន៦៣ ក្នុងនោះ ទូកអុំ បុរសចំនួន២៦ ទូកខ្នាតអន្តរជាតិបុរសចំនួន១៧ ខ្នាតអន្តរជាតិនារីចំនួន២ទូក និងទូកផ្កាចារបុរស ចំនួន១៦ ព្រមទាំងទូកផ្កាចារនារី ចំនួន២ទូក។

លោកបានបន្ថែមថា ក្រោយពីការប្រកួតអស់រយៈពេល២ថ្ងៃ គឺថ្ងៃទី១២-១៣តុលា យើងបានរកឃើញជើងឯក រួមមានប្រភេទទូកផ្កាចារនារី ជ័យលាភីលេខ១ បានទៅលើទូកឈ្មោះ អាស្ម័គ្រស៊ីងហ្គល និងលេខ២ បានទៅលើទូកនារីស្មគ្រ័ស្នេហ៍ថែ៧មករា ( ទូកទាំង២ម កពីក្រុងតាខ្មៅ។ ទូកផ្កាចារបុរស លេខ១បានទៅលើទូកសំណាងសែនជ័យ លេខ២ បានទៅលើទូកភិរុណសែនជ័យបារមីតាម៉ៅ និងលេខ៣ បានទៅលើទូក មុស្លីម៧មករា ចំណែកឯទូកខ្នាតអន្តរជាតិបុរសលេខ១ បានទៅលើទូកពេជ្រកុមារសែនជ័យ របស់ស្រុកពញាឮ លេខ២ បានទៅលើទូកអធិរាជវាលស្បូវ មកពីខណ្ឌច្បារអំពៅ និងទូកទទួលបានចំណាក់ថ្នាក់លេខ៣ បានទៅលើទូកយុវជនសម័យតេជោបារមីមហានគរ របស់ក្រុងតាខ្មៅ ហើយទូកខ្នាតអន្តរជាតិនារីលេខ១ បានទៅលើទូក៧មករាចិត្តតែមួយ និងលេខ២ បានទៅលើទូកពោធិសែនជ័យបារ មីតេជោ ជាទូកក្នុងក្រុងតាខ្មៅដូចគ្នា។ ដោយឡែកចំណាត់ថ្នាក់លេខ១ ផ្នែកទូកអុំបុរស បានទៅលើទូកឈ្មោះ សារ៉ាយតេជោសែនជ័យ របស់ស្រុកខ្សាច់កណ្តាល លេខ២បានទៅលើទូកស្រី ស សុខសែនជ័យ របស់ស្រុកមុខកំពូល និងលេខ៣បានទៅលើទូកឈ្មោះ ឆក់ វៃ តេជោសែនជ័យ របស់ស្រុកកងមាស ខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ដែរថា ឆ្នាំនេះពិតជាមោទនភាពណាស់ ព្រោះប្រជា ពលរដ្ឋបានចូលរួមយ៉ាងច្រើនកុះករ និងលើសឆ្នាំ២០១៨ប្រមាណ២ទៅ៣ដងឯណោះ ខណៈកាលពីឆ្នាំកន្លងទៅ មានពលរដ្ឋចូលរួមទស្សនាប្រមាណជាង២០ម៉ឺននាក់ប៉ុណ្ណោះ។

ប្រជាពលរដ្ឋដែលបានចូលរួមទស្សនាកំសាន្តក្នុងពិធីនេះបានប្រាប់ថា ការប្រណាំងទូក ពិតជាមានភាពសប្បាយរីករាយណាស់ ហើយក៏មិននឹកស្មានថា មា នមនុស្សចូលរួមច្រើនសន្ធឹកសន្ធាប់យ៉ាងដូច្នេះដែរ ហើយបើសិនជា អាចសូមឱ្យបង្កើនឡើងជាងរៀងរាល់ឆ្នាំ។

គួរបញ្ជាក់ដែរថា ក្រៅអំពីការប្រណាំងទូក ក៏មានការរៀបចំពិធីបណ្តែតប្រទីបតូចធំជាង៦០០០ពាន់ បង្ហោះគោមចំនួន១០០គោម និងបាញ់កាំជ្រួញប្រមាណ១០០០គ្រាប់ផងដែរ ក្រៅពីនោះ ក៏មានការរៀបចំប្រគុំតន្ត្រី និងតាំងពិព័រណ៍ទំនិញគ្រប់ប្រភេទចំនួន១៥០ស្តង់ទៀតផង៕