កម្ពុជាគ្រោងទិញ​យន្តហោះស៊ើបការណ៍ និងសព្វាវុធ​បន្ថែម​ពីប្រទេស​ឆែក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 October, 2019 ក+ ក-

ភ្នំពេញសម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់​ថា កម្ពុជាមានគម្រោងទិញ​យន្តហោះស៊ើបការណ៍ L-39 បន្ថែម រួមទាំងអាវុធមួយចំនួនទៀតពី​សាធារណរដ្ឋឆែកដើម្បី​ពង្រឹង​ក្នុង​វិស័យ​ទំនាក់ទំនង​សន្តិសុខ និង​ការពារជាតិ​របស់​កម្ពុ​ជា។ ការ​ថ្លែងនេះធ្វើឡើង​ក្នុងសន្និសីទកាសែតរួមគ្នាជាមួយនាយករដ្ឋមន្រ្តីឆែក ក្រោយជំនួប​ពិភាក្សាកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០១៩។

សម្តេច​បាន​ថ្លែងយ៉ាងដូច្នេះថា៖ «កាលពីពេល​មុននេះកម្ពុជា​បានទិញយន្តហោះស៊ើបការណ៍ L-39 ចំនួន​៦គ្រឿង​រួចហើយ។ ព្រឹកនេះ ខ្ញុំក៏បាន​ស្នើសុំ​ពិភាក្សា​អំពី​លទ្ធភាព​កម្ពុជា អាចទិញនូវយន្តហោះស៊ើបការណ៍​ L-39 ប្រភេទ​ថ្មី ៣ ទៅ ៤គ្រឿងបន្ថែមទៀត ហើយ​យើងនឹង​បន្តការពិភាក្សា​ពីបញ្ហានេះ រួមទាំង​អាវុធ​មួយ​ចំនួន ដែលកម្ពុជា​កំពុង​នាំចូល និង​អាចថែម​នូវ​អាវុធ​ធុនស្រាលមួយចំនួន​ផ្សេងទៀត នៅក្នុងវិស័យ​ទំនាក់​សន្តិសុខ និង​ការពារជាតិរបស់យើង»។

សូមជម្រាប​ថា បន្ទាប់ពី​កិច្ចជំនួប​ពិភាក្សា​ទ្វេភាគី រវាង​សម្តេច​តេជោ ហ៊ុន សែន និងលោក Andrej Babis នាយករដ្ឋមន្រ្តីឆែករួច​មក រដ្ឋាភិបាល​នៃប្រទេសទាំងពីរបានចុះ​ហត្ថលេខាលើ ឯកសារ​សំខាន់ៗចំនួន​ពីររួមមាន ៖ ១. អនុស្សារណៈ​នៃការ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង​សុខាភិបាលកម្ពុជា និង​ទីភ្នាក់ងារ​អនុវត្ត​គម្រោង​សុខាភិបាល​ឆែក VAMED និងទី២. អនុស្សារណៈ​នៃការ​យោគយល់​គ្នា រវាង​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​ឆែក៕