ចិន ​៖ អាមេរិក​គួរតែបញ្ឈប់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ហុងកុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 October, 2019 ក+ ក-

ប៉េកាំង ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១៦​ខែតុលា​នេះ​ថា ទីក្រុង​ប៉េកាំងនឹង​ប្រឆាំង​ដាច់ខាត​ចំពោះ​វិធានការ​ថ្មី​ដែល​អនុម័ត​ដោយ​សភាតំណាងរាស្ត្រ​អាមេរិក​ដែល​ទាក់ទង​នឹង​ការតវ៉ា​របស់​ហុងកុង ​និង​បាន​ជំរុញ​ឲ្យ សមាជិកសភា​បញ្ឈប់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CNA​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Geng Shuang បាន​មានប្រសាសន៍ថា​“ យើង​សំដែង​នូវ​ការខឹង​សម្បារ​យ៉ាងខ្លាំង​និង​ការប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការទទូច​របស់​តំណាងរាស្ត្រ​អាមេរិក​ក្នុងការ​អនុម័ត​ច្បាប់​ដែល​គេ​ហៅថា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​របស់​ហុងកុង​” ។ ​លោក​បាន​បន្ថែមទៀតថា ​ទំនាក់ទំនង​របស់​ចិន​ជាមួយ​សហរដ្ឋអាមេរិក​នឹងត្រូវ​ខូចខាត ប្រសិនបើ​ច្បាប់​នេះ​ត្រូវ​បានអនុម័ត។​

​គួរ​បញ្ជាក់ថា ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទីក្រុង​ហុងកុង គឺជា​វិធានការ​មួយ​ត្រូវ​បានអនុម័ត​ឡើង ដោយ​សភាតំណាងរាស្ត្រ​អាមេរិក ដែល​តម្រូវឱ្យ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ធ្វើការ​បញ្ជាក់​ជា​រៀងរាល់ឆ្នាំ​ថា ទីក្រុង​ហុងកុង​នៅតែ​ប្រកាន់​ភ្ជាប់​ស្វ័យភាព​របស់ខ្លួន ដើម្បី​ទទួលបាន​លក្ខ​ខ​ន្តិ​កៈ​ពិសេស ក្នុងនាម​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​៕