សម្តេច ហ៊ុន សែន ដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយបញ្ចប់ទស្សនកិច្ច៣ប្រទេសក្នុងតំបន់អឺរ៉ុប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2019 ក+ ក-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសចំនួន៣ ក្នុងតំបន់អឺរ៉ុប។

ប្រទេសចំនួន៣ ដែលសម្តេចបានបំពេញទស្សនកិច្ចនេះមានសាធារណរដ្ឋឆែកពីថ្ងៃទី១៣ ដល់ទី១៤ ខែតុលា ឆ្នាំ២០១៩, ប្រទេសហុងគ្រី ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ និងសាធារណរដ្ឋប៊ុលហ្គារី ពីថ្ងៃទី១៥ ដល់ទី១៦ ខែតុលា ឆ្នាំ២០១៩។

តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចក៏ដូចជាការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសំខាន់ៗនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជាបានទទួលនូវភាពជោគជ័យយ៉ាងត្រចះត្រចង់ជាពិសេសក្នុងកិច្ចការ ពង្រឹងពង្រីក នូវទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅតំបន់អឺរ៉ុប និងការគៀងគរទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា៕