មហាក្សត្រ​ថៃបណ្តេញ​មន្ត្រី​វាំង​ជាន់ខ្ពស់​ចំនួន​៦​រូប ​ដោយសារ “​អំពើអាក្រក់​”
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 October, 2019 ក+ ក-

បាងកកព្រះបរមរាជវាំង​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា​ព្រះមហាក្សត្រ​ថៃ​បាន​បណ្តេញ​មន្ត្រី​វាំង​ជាន់ខ្ពស់​ចំនួន​៦​រូប​ដោយសារ “​អំពើអាក្រក់​” ដែល​ការបណ្តេញ​នេះ​បាន​កើតឡើង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ព្រះរាជា​បាន​ដកហូត​តំណែង​ទាំង​អស់ពី​អ្នក​ម្នាង​សម្រាប់​“​ភាពមិនស្មោះត្រង់​”​។

​ព្រះមហាក្សត្រ Maha Vajiralongkorn បាន​ដកហូត​ឋានន្តរសក្តិ​យោធា​និង​ងារ​ពី​អ្នក​ម្នាង Sineenat Wongvajirapakdi ព្រះជន្ម​៣៤​វស្សា​ដែលជា​អតីត​អង្គរក្ស​របស់​ទ្រង់​។ ​ការបាត់បង់​ងារ​និង​ឋានន្តរសក្តិ​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល​ត្រឹមតែ​៣​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​ព្រះអង្គ​បាន​ប្រទាន​ងារ​ដល់​អ្នក​ម្នាង​ដែលជា​ការប្រទាន​ងារ​ជា​លើកដំបូង​ក្នុង​រយៈពេល​មួយ​សតវត្សរ៍​ដោយ​ព្រះមហាក្សត្រ​ថៃ​។​

​ដោយមាន​ឈ្មោះ​ហៅ​ក្រៅ​ថា “Koi”, អ្នក​ម្នាង Sineenat ត្រូវបាន​ថ្កោលទោស​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​ព្រះរាជ​បញ្ជា​មួយ​ដែល​ត្រូវបាន​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ដោយសារ “​ការធ្វើសកម្មភាព​ប្រឆាំងនឹង​ការតែងតាំង​ព្រះមហា​ក្សត្រិយានី​”​។​

​កាលពី​ថ្ងៃ​ពុធ មន្ត្រី​វាំង​ជាន់ខ្ពស់​ចំនួន​៦​រូប​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ដោយ​រួមមាន​ទាំង​គិលានុបដ្ឋាយិកា​ម្នាក់​និង​ពេទ្យសត្វ​ម្នាក់​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​ចំនួន​ពីរ​ដាច់ដោយឡែក​ពីគ្នា​ដែល​ចេញផ្សាយ​ដោយ​កាសែត​រាជវាំង Royal Gazette​។​

​កាសែត​នេះ​បាន​ចុះផ្សាយ​ថា “​ពួកគេ​បាន​រំលោភ​វិន័យ​ធ្ងន់ធ្ងរ​ដោយសារតែ​អំពើ​ដ៏​អាក្រក់​របស់គេ​ដោយ​ឆ្លៀត​ប្រើ​មុខតំណែង​ផ្លូវការ​របស់គេ​សម្រាប់​ផលប្រយោជន៍​អ្នកដទៃ​ឬ​ប្រយោជន៍​ផ្ទាល់ខ្លួន​”​។​

​គួរ​បញ្ជាក់ថា រាជវង្ស​ថៃ​ត្រូវបាន​ការពារ​ដោយ​ច្បាប់​បរិហារកេរ្តិ៍​ដ៏​តឹងរ៉ឹង​ដែល​ធ្វើ​ឲ្យ​ការពិភាក្សា​ដោយ​បើកចំហ​លើ​ស្ថាប័ន​នេះ​សម្រាប់​សាធារណជន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​គឺ​មិនអាច​ទៅរួច​ទេ​៕