សម្តេចប្រធានរដ្ឋសភា ប្រាប់មន្ត្រីទូតទើបតែងតាំងថ្មីត្រូវគិតផលប្រយោជន៍ជាតិ និងប្រជាជន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2019 ក+ ក-

ភ្នំពេញសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសអនុញ្ញាតឱ្យឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី និងត្រៀមចេញទៅបំពេញបេសកកម្មការទូតនៅក្រៅ ប្រទេសចំនួន ៩ បានណែនាំដល់មន្ត្រីទូតទាំងនោះ ឱ្យបំពេញការងារ ត្រូវតម្កល់ប្រយោជន៍ជាតិ ជាធំ ហើយទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និងលើកតម្លៃជាតិ ត្រូវរក្សាការ សម្ងាត់របស់ជាតិ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ ការបរទេសរបស់កម្ពុជា។

នាជំនួបនៅវិមានរដ្ឋសភាព្រឹកថ្ងៃទី២៥ តុលានេះ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា សម្រាប់បេសក កម្មការទូតនេះ លោក លោកជំទាវ ត្រូវបង្ហាញ និងប្រកាន់ខ្ជាប់នូវអត្ត សញ្ញាណ ជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវ បន្តលើកកម្ពស់ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជាឱ្យបានច្បាស់  ទាំងផ្នែកសិល្បៈ វប្បធម៌ប្រពៃណីរបស់ខ្មែរដែល ឆ្លុះបញ្ចាំងឱ្យឃើញពីអត្តសញ្ញាណរបស់ជាតិដែល មានវប្បធម៌ផូរផង់តាំងពីសម័យអង្គរមក។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានជំរុញតំណាង កម្ពុជាដែលទើបតែងតំាងថ្មីទាំងនោះឱ្យបន្តជំរុញ និងលើកកម្ពស់ការផ្សព្វ ផ្សាយសំដៅទាក់ទាញ អ្នក វិនិយោគ និងទេសចរបរទេសមកប្រទេសកម្ពុជាឱ្យកាន់តែច្រើនថែមទៀត  ដោយផ្អែក លើ សក្តានុពលដែលប្រទេសយើងមានស្រាប់ ហើយត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយ ឯកអគ្គ រដ្ឋទូត-រាជទូត នៃបណ្តាប្រទេសដទៃទៀតប្រចាំនៅប្រទេសនោះផងដែរ។ សម្តេចប្រធានរដ្ឋសភា មានជំនឿរយ៉ាងមុតមាំថា លោក លោកជំទាវ ទាំងអស់នឹងប្រតិបត្តិតួនាទីរបស់ខ្លួនបានល្អជានិច្ច សក្តិសមជាឯកអគ្គរាជទូត ដែលរាជរដ្ឋា ភិបាលបានផ្តល់នូវទំនុកចិត្ត។

សូមជម្រាបជូនថា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតំាងថ្មីទាំង៩រូប រួមមានប្រចំា នៅប្រទេសវៀតណាម រុស្សី អូស្រ្តាលី ស្វីស មីយ៉ាន់ម៉ា ម៉ាឡេស៊ី គុយបា គុយវ៉ែត និងប្រទេសប្រុយណេ ដារ៉ូសាឡិម៕