ប្រធានាធិបតីឈីលីព្រមរុះរើគណៈរដ្ឋមន្ត្រី ដាក់ចេញនូវកំណែទម្រង់សង្គមនានា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2019 ក+ ក-

ឈីលី ៖ ប្រធានាធិបតីឈីលី លោក សេបាស្ទាន ភីណេរ៉ា (Sebastian Pinera) បានព្រមរុះរើគណៈរដ្ឋមន្ត្រី ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ក៏ដូចជាដាក់ចេញនូវកំណែទម្រង់សង្គមនានាតបតាមសំណើរបស់ក្រុមបាតុករ។ នេះបើតាមសារព័ត៌មាន BBC។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍ លោកផ្ទាល់បានអះអាងថា លោកបានលឺច្បាស់ណាស់អំពីសាររបស់ប្រជាជនឈីលីដល់ទៅជាងមួយលាននាក់ ដែលបានប្រមូលផ្តុំគ្នាតវ៉ានៅរដ្ឋធានី សាន់ត្យ៉ាហ្គោ (Santiago) ដើម្បីប្រឆាំងរដ្ឋាភិបាលរបស់លោក។

លោក ភីណេរ៉ា បានលើកឡើងដូច្នេះថា ៖ « ខ្ញុំបានជូនដំណឹងដល់រដ្ឋមន្ត្រីទាំងអស់របស់ខ្ញុំរួចរាល់ហើយ ពីការរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្ញុំ ដើម្បីបង្កើតរដ្ឋាបាលថ្មី និងធ្វើកំណែទម្រង់សង្គមនានា តបតាមសំណើរបស់ ក្រុមបាតុករ…យើងកំពុងស្ថិតនៅក្នុងការពិតថ្មីមួយ ហើយឈីលីនៅថ្ងៃនេះ នឹងខុសពីឈីលីកាលពីសប្ដាហ៍មុន»។ ទន្ទឹមនោលោកប្រធានាធិបតី សេបាស្ទាន ភីណេរ៉ា ក៏បានប្រកាសលុបចោលបម្រាមគោរចរ នៅតាមទីក្រុងជាច្រើន នៅក្នុងប្រទេសឈីលីផងដែរ តែលោកផ្ទាល់មិនបានបញ្ជាក់អ្វីលម្អិតពីការរុះរើគណៈរដ្ឋមន្ត្រីនោះទេ។

សូមជម្រាបថា សកម្មភាពបាតុកម្មនៅឈីលីបានចាប់ផ្តើមឡើងតាំងតែពីថ្ងៃទី០៦ ខែតុលាមក នៅពេលដែលអាជ្ញាធរឈីលីបានបង្កើនថ្លៃសេវាធ្វើដំណើរតាមរថភ្លើង។ កន្លងមកនេះអំពើហិង្សាបានផ្ទុះឡើងខ្លាំងរហូតបណ្តាលឲ្យមនុស្សយ៉ាងតិច១៩នាក់បាត់បង់ជីវិត៕