Trump ៖ មេដឹកនាំ IS ស្លាប់ក្នុងការ​វាយឆ្មក់​របស់​អាមេរិកនៅភាគ​ពាយព្យ​​ប្រទេស​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2019 ក+ ក-

​អាមេរិកប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយថា​មេដឹកនាំ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​(IS)​លោក Abu Bakr al-Baghdadi បាន​ស្លាប់​ក្នុងអំឡុងពេល​ប្រតិបត្តិការ​យោធា​អាមេរិក​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ស៊ី​រី​។​ នេះ​បើ​យោងតាម​ប្រភពពី BBC។​

​ថ្លែង​ចេញពី​សេត​វិមាន​លោក Trump បាន​និយាយថា Baghdadi បាន​ស្លាប់​ហើយ ដែលជា​ការបំពេញ​នូវ​អាទិភាព​ផ្នែក​សន្តិសុខ​ជាតិ កំពូល​នៃ​រដ្ឋបាល​របស់លោក​។ លោក​បាន​និយាយថា គ្មាន​បុគ្គលិក​អាមេរិក​ណា​ម្នាក់​ត្រូវបាន​បាត់បង់ នៅក្នុង​បេសកកម្ម​នោះទេ​។ Baghdadi បានធ្វើ​ជា​មេ​កើយ​នៃ​ក្រុម​ជី​ហាដ​ជាស​កល​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយ​បាន​ក្លាយជា​មនុស្ស​ដែល​ពិភពលោក តាម​ប្រមាញ់​ខ្លាំងជាងគេ​បំផុត​។​

ការប្រកាស​នេះ​ធ្វើឡើង ខណៈដែល​លោក Trump បាន​ទទួលរង​ការរិះគន់​ទាំង​ក្រៅ និង​នៅ​ទីក្រុង​វ៉ាស៊ីនតោន បន្ទាប់ពី​មាន​ការដក​កងទ័ព​អាមេរិក​ពី​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​។​

​លោក Trump បាន​និយាយថា គេ​បាន​ស្លាប់ បន្ទាប់ពី​បាន​រត់​ចូល​រូង​ទាល់​ក្រោម​ដី ដោយមាន​សំឡេង​ស្រែក​ទ្រហោយំ និង​ស្រែក​យ៉ាងខ្លាំង​“​។ លោក​បាន​បន្ថែមទៀតថា កូនៗ ៣​នាក់​របស់ Baghdadi ក៏ត្រូវ​បានសម្លាប់​នៅក្នុង​ការផ្ទុះ​នោះដែរ​។ លោក Trump បាន​និយាយថា ការ​វាយឆ្មក់​ដែលមាន​ការចូលរួម​ពី​ឧទ្ធម្ភាគចក្រ​ចំនួន ៨​គ្រឿង ដែល​ហោះហើរ​ជាង ១​ម៉ោង​ពី​មូលដ្ឋាន​ដែល​មិនបាន​បង្ហាញ ត្រូវបាន​អនុវត្ត​ដោយមាន​កិច្ចសហប្រតិបត្តិការ​ពី​ប្រទេស​រុស្ស៊ី​, ស៊ី​រី​, ទួរគី និង​អ៊ីរ៉ាក់​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ជនជាតិ​ឃើ​ត​ស៊ី​រី​ផងដែរ ចំពោះ​ការគាំទ្រ​ច្បាស់លាស់​មួយ​ដែល​ពួកគេ​អាច​ផ្តល់​ឲ្យ​យើង​៕