ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩នឹងផ្តល់ការងារជាង២ម៉ឺនកន្លែងដល់យុវជន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2019 ក+ ក-

ភ្នំពេញនៅថ្ងៃសៅរ៍-អាទិត្យចុងសប្តាហ៍នេះ មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ ៖ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩” នឹងត្រូវបានរៀបចំឡើងជាទីកន្លែងជួបជុំគ្នាដោយងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។

បន្ថែមលើនេះ ព្រឹត្តិការណ៍ពិព័រណ៍នឹងនាំមកនូវសិក្ខាសាលាផលិតភាពជាតិក្រោមប្រធានបទ៖ “យុទ្ធសាស្ត្រផលិតភាពសម្រាប់កម្ពុជា-ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល” ដែលនឹងចែករំលែកបទពិសោធន៍ដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗស្របពេលនឹងព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ។

សន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩ ត្រូវបានរៀបចំ នាព្រឹកថ្ងៃទី២៨ ខែតុលា នេះ ដើម្បីផ្សព្វផ្សាយជាផ្លូវការអំពីដំណើរការនៃការរៀបចំពិព័រណ៍នាថ្ងៃទី២-៣ វិច្ឆិកាខាងមុខនេះ។ ផ្តល់ព័ត៌មានទៅកាន់អ្នកសារព័ត៌មាន និងតំណាងក្រុមហ៊ុនអញ្ជើញចូលរួមតាំងបង្ហាញជាច្រើនរូបក្នុងឱកាសនោះរួមមានវត្តមាន លោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ, លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងលោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។

គួរបញ្ជាក់ថា ពិព័រណ៍នេះ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយមានរយៈពេលពីរថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹក ដល់៨យប់នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។

ឱកាសការងារសរុបជាង២ម៉ឺននឹងត្រូវបានផ្តល់ដោយក្រុមហ៊ុន/សហគ្រាសធំៗជាង១៥០មកពីវិស័យសំខាន់ៗដូចជា៖ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, សំណង់, សណ្ឋាគារនិងបដិសណ្ឋារកិច្ច,ទូរគមនាគមន៍,ការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ, កម្មន្តសាល និងភ្នាក់ងារជ្រើសរើសឯកជននៅក្នុងបញ្ជរសរុបចំនួន៣០០។

ក្រៅពីទទួលបានឱកាសការងាររាប់ម៉ឺនកន្លែង អ្នកចូលរួមនឹងទទួលបានព័ត៌មានពីផែនការ តម្រូវការ និងគោលនយោបាយក្នុងការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគត កម្មវិធីសិក្សា អាហារូបករណ៍ វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញ។

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ គឺជាការជំរុញយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាលកម្ពុជាដូចបានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីលើកកម្ពស់វិស័យការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាជាពិសេសសំដៅផ្តល់ ឱកាសទូលំទូលាយដល់កម្លាំងពលកម្មទាំងមានជំនាញ និងមិនមានជំនាញឲ្យទទួលបានការងារកាន់តែប្រសើរចំណេញពេលវេលាកាត់បន្ថយចំណាយ និងទទួលបានប្រាក់ចំណូលខ្ពស់។

លើសពីនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ក៏រួមចំណែកកាត់បន្ថយគម្លាតរវាងការផ្គត់ផ្គង់ និងតម្រូវការជំនាញនៅក្នុងទីផ្សារការងារព្រមទាំងបង្កភាពងាយស្រួលដល់យុវជនដែលត្រូវឈានចូលទីផ្សារការងារក្នុងការទទួលបាការងារបន្ទាប់ពីបញ្ចប់ការសិក្សានៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ពិព័រណ៍ដ៏ធំនេះ ត្រូវបានរំពឹងថាមានអ្នកចូលរួមទស្សនាជាង ៣ម៉ឺននាក់ ដែលភាគច្រើនជាសិស្ស-និស្សិត យុវជន អ្នកស្វែងរកការងារ និងកម្មករនិយោជិតពីគ្រប់វិស័យ។

ដូច្នេះដើម្បីទទួលបានឱកាសការងារល្អៗ និងការយល់ដឹងអំពីការបង្កើនផលិតភាពសូមយុវជន សិស្ស-និសិ្សតអ្នកស្វែងរកការងារធ្វើនិងកម្មករនិយោជិតទាំងអស់ចូលរួមទស្សនា និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយដើម្បីដាក់ពាក្យស្នើសុំការងារដោយផ្ទាល់ជាមួយនិយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម៕