សាកសពមេដឹកនាំរដ្ឋអ៊ីស្លាម Baghdadi ត្រូវទាហានអាមេរិកបោះចោលក្នុងសមុទ្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 October, 2019 ក+ ក-

វ៉ាស៊ីនតោន ៖ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទ ថ្ងៃទី ២៨ ខែតុលា ថា សាកសពរបស់ប្រមុខក្រុមរដ្ឋអ៊ីស្លាម Abu Bakr al-Baghdadi ត្រូវបានយកទៅបោះចោលចូលក្នុងទឹកសមុទ្រ គេកប់នៅឯសមុទ្រមួយកន្លែង ខណៈដែលទីតាំងមិនត្រូវបានបញ្ជាកឡើយ។ នេះបើយោងតាមសារព័ត៌មាន CNA។

មន្ត្រីនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សាកសពរបស់ អាប៊ូបាកើ អាល់បាដដាឌី ត្រូវបានយកទៅបោះចោលចូលក្នុងទឹកសមុទ្រមួយកន្លែងមិនបញ្ជាក់ទីតាំង ដូចគ្នាទៅនឹងសាកសពរបស់អតីតមេដឹកនាំអាល់កៃដា Osama bin Laden ដែលត្រូវបានយោធាអាមេរិកបោះចោលចូលទឹកសមុទ្រ បន្ទាប់ពីត្រូវបានសម្លាប់កាលពីឆ្នាំ២០១១ នៅប្រទេសប៉ាគីស្ថាន។

សូមជម្រាបថា កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ជាផ្លូវការថា អាប៊ូបាកើ អាល់បាដដាឌី ពិតជាបានស្លាប់ប្រាកដមែន ដោយមេ ISIS រូបនេះបានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង និងកូនបីនាក់ ក្នុងរូងក្រោមដីមួយកន្លែងស្ថិតនៅភូមិ Barisha នៃខេត្ត Idlib ភាគពាយព្យប្រទេសស៊ីរី ក្រោយត្រូវបានតាមប្រមាញ់ដោយកងកុម៉្មង់ដូរ ពិសេសអាមេរិក។

តាមការអះអាងរបស់លោក ត្រាំ ថា តាមរយៈធ្វើតេស្ដ DNA នៅហ្នឹងកន្លែងបង្ហាញថា អាល់បាដដាឌី ពិតជាបានស្លាប់មែននៅក្នុងប្រតិបត្តិការវាយឆ្មក់កាលពីយប់ថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ៕