ព្រះមហាក្សត្រថៃបន្តដកតំណែងមន្ត្រីវាំងជាច្រើនរូបទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 October, 2019 ក+ ក-

បាងកក ៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) កាលពីថ្ងៃអង្គារម្សិលមិញបានបណ្ដេញមន្ត្រីវំាង០៤នាក់បន្ថែមទៀត បន្ទាប់ពីព្រះអង្គសម្រេចព្រះទ័យដកតំណែងទាំងអស់ពីអ្នកម្នាង សៃនីណាត វង់វិជ្ជរ៉ាផាកឌី (Sineenat Wongvajirapakdi) កាលពីសប្ដាហ៍មុន។ នេះបើតាមសារព័ត៌មាន CNA។

យោងតាមការប្រកាសពីព្រះរាជវាំងថៃ មន្រ្តីវាំងទាំង ០២រូបដែលត្រូវបានបណ្ដេញចេញពីតំណែង គឺជាឆ្មាំយាមក្រឡាបន្ទំ ដោយសារតែពួកគេប្រព្រឹត្តខុសធ្ងន់ធ្ងរ ដោយបានរំលោភបំពានលើក្រិតក្រម នៃការប្រព្រឹត្តសម្រាប់ព្រះរាជា។ ចំណែកឯមន្ត្រីពីរនាក់ទៀត ដែលជាយោធាប្រចាំរាជវាំង ក៏ត្រូវបានបណ្ដេញពីតំណែងផងដែរ សម្រាប់ការបំពេញតួនាទីមិនសាកសមជាឆ្មាំរាជវាំង។

កាលពីសប្ដាហ៍មុនព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ក៏បានដកតំណែងមន្រ្តីសរុបចំនួន ០៦នាក់ ដោយសារពួកគេប្រើប្រាស់តួនាទីផ្លូវការរបស់ពួកគេ ទៅកេងចំណេញយកផលប្រយោជន៍ខ្លួនឯង និងសម្រាប់អ្នកដទៃ។ ការដកតំណែងនេះទៀតសោត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយព្រះអង្គដកហូតតំណែង និងឋានៈទាំងអស់របស់អ្នកម្នាង សៃនីណាត វង់វិជ្ជរ៉ាផាកឌី (Sineenat Wongvajirapakdi) ដោយសារតែអ្នកម្នាងត្រូវបានគេរកឃើញថា គ្មានភាពស្មោះត្រង់ និងមានមហិច្ឆតាចង់លើកតម្កើងខ្លួនឲ្យមានឋានៈស្មើនឹងព្រះអគ្គមហេសី៕