​ឆេះទូ​រថភ្លើង​ស្លាប់មនុស្ស​៦៥​នាក់​ ​និង​ជាច្រើន​នាក់រង​របួសនៅប៉ាគីស្ថាន ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2019 ក+ ក-

ប៉ា​គី​ស្ថាន​ ៖ ​មន្ត្រី​ប៉ូលិស​​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស​៦៥​នាក់​ស្លាប់ ​និង​រងរបួស​ជាច្រើន​នាក់ បន្ទាប់ពី​រថភ្លើង​មួយ​ខ្សែ​ត្រូវបាន​ភ្លើង​ឆាបឆេះ នៅ​ភាគ​ខាងកើត​ប្រទេស​ប៉ា​គី​ស្ថាន​។​ នេះ​បើ​យោងតាម​ប្រភពពី CGTN។​

​យោងតាម​អាជ្ញាធរ​ផ្លូវដែក​ប៉ា​គី​ស្ថាន​លោក Sheikh Rashid Ahmed បាន​ប្រាប់​ទូរទស្សន៍ Geo ថា គ្រោះ​អគ្គិភ័យ​ដ៏​អាក្រក់​នេះ​បាន​កើតឡើង ដោយសារតែ​ការផ្ទុះ​ធុង​ហ្គាស​ដែល​អ្នកដំណើរ​ម្នាក់ បាន​យកតាម​ខ្លួន​។ អាជ្ញាធរ​ថា នៅពេល​កើតហេតុ ដោយសារតែ​ភាពភ័យខ្លាច អ្នកដំណើរ​មួយចំនួន​បានសម្រេច​ចិត្ត​លោត​ចេញពី​រថភ្លើង​តែម្តង​។​

​គួរ​បញ្ជាក់ថា រថភ្លើង​ខាងលើ​ស្ថិតក្រោម​កម្មសិទ្ធិ​ក្រុមហ៊ុន Tezgam Express ដែល​គ្រានោះ​វា​មាន​គោលដៅ​ធ្វើដំណើរ​ពី​ទីក្រុង Karachi ភាគខាងត្បូង​ប្រទេស​ប៉ា​គី​ស្ថាន ឆ្ពោះទៅកាន់​ទីក្រុង Rawalpindi នៃ​ខេត្ត Punjab នៅ​ភាគ​ខាងកើត​។ ទូ​រថភ្លើង​យ៉ាងហោច ចំនួន​៣​កំណាត់​បាន​រង​ការឆាបឆេះ​៕