គ្រោះរញ្ជួយដីលើកទី២នៅហ្វីលីពីន ផ្តាច់ជីវិតមនុស្ស៥នាក់ និងមួយចំនួនទៀតរងរបួស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2019 ក+ ក-

ម៉ានីល ៖ គ្រោះរញ្ជួយដីដ៏ខ្លាំងជាលើកទី២បានធ្វើឲ្យកក្រើកតំបន់ភាគខាងត្បូងប្រទេស ហ្វីលីពីនកាលពីថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ បានផ្តាច់ជីវិតមនុស្ស៥នាក់ និងមួយចំនួនទៀតរងរបួស (មិនទាន់អាចបញ្ជាក់តួលេខច្បាស់លាស់) ខណៈដែលរចនាសម្ព័ន្ធនានាបានរងការខូចខាតថែមទៀត។

គ្រោះរញ្ជួយដីជាថ្មីកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះវិញ កើតឡើងនៅក្នុងខេត្តកូតាបាតូ (Cotabato) នៃប្រជុំកោះមីនដាណាវ (Mindanao) ភាគខាងត្បូងហ្វីលីពីន។ គ្រោះរញ្ជួយដីនេះមានកម្រិត ៦.៥រ៉ិចទ័រ ដែលជាកម្រិតធ្ងន់មួយសម្រាប់ការវាយប្រហារ នៅតំបន់ប្រជុំជន។ ដោយឡែកគ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ ដែលបានកើតឡើងនៅទីតាំងដូចគ្នាខាងលើនេះកាលពីថ្ងៃទី២៩ ខែតុលា បានបណ្តាលឲ្យមនុស្សស្លាប់០៨នាក់ និងប្រមាណ៤០០នាក់រងរបួស។

សរុបសេចក្តីមក គ្រោះរញ្ជួយដីទាំងពីរលើកនៅក្នុងសប្តាហ៍នេះ បានបណ្តាលឲ្យមនុស្សស្លាប់សរុប ១៣នាក់ និងជាង ៤០០នាក់។ បន្ថែមពីនេះចំនួនហេដ្ឋានរចនាសម្ព័ន្ធ និងលំនៅឋានប្រជាជនដែលបានរងភាពខ្ទេចខ្ទីនោះ មិនទាន់មានការបញ្ជាក់តួលេខនោះឡើយ ខណៈប្រតិបត្តិការសង្គ្រោះដោយអាជ្ញាធរហ្វីលីពីន កំពុងតែបន្តនៅឡើយ៕