ឆ្នាំនេះនៅភ្នំពេញមានសិស្សពូកែជាង៣ពាន់នាក់ ត្រូវបានលើកទឹកចិត្តដោយផ្តល់រង្វាន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2019 ក+ ក-

ភ្នំពេញ ៖ ឆ្នាំ២០១៩ នេះ នៅទូទាំងរាជធានីភ្នំពេញ មានសិស្សពូកែសរុបជាង ៣ពាន់នាក់ ដែល ជាប់ចំណាត់ថ្នាក់លេខ ១ដល់លេខ ៣ ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ត្រូវបានអាជ្ញាធររាជធានី លើក ទឹកចិត្ត និងផ្តល់រង្វាន់ជូន ខណៈដែលវិស័យអប់រំធ្វើកំណែទំរង់ចម្រាញ់យកគុណភាព។

ថ្លែងក្នុងពិធីបើកបវេសនកាល និងចែករង្វាន់ដល់សិស្សពូកែរាជធានីភ្នំពេញ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៅវិទ្យាល័យ ជាស៊ីម សន្ធម៉ុក នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការផ្តល់រង្វាន់ដល់សិស្សពូកែនេះ គឺជាការ លើកទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រកាន់តែពូកែ ដែលក្លាយជាធនធានដ៏ សំខាន់ សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រគុណភាព ដើម្បី សម្រិតសម្រាំងរកធនធានមនុស្សពិត ចំណេះវិជ្ជាពិត និងការងារពិត ដើម្បីអាចឆ្លើយតបបានទៅ ជាមួយ និងតម្រូវការអភិវឌ្ឍនៃសង្គម ដូច្នេះសិស្សានុសិស្សត្រូវតែបនត្តការយកចិត្តទុកដាក់ រៀន សូត្រឲ្យបានជាប់ជាប្រចាំ។

លោក អភិបាល បានសុំឱ្យសិស្សានុសិស្ស ដែលទទួលបានជ័យលាភីត្រូវតែយល់ឲ្យច្បាស់ថា ចំណេះដឹង គឺជាទ្រព្យដ៏សំខាន់ នៅក្នុងជីវិតមនុស្សមានអនាគល្អ ហើយចំណេះនេះ ហើយដែល ចាយមិនអស់ ចោរលួចមិនបាន ដែលក្មួយៗត្រូវយកចិត្តទុកដាក់ ខណៈសម្តេចតេជោបានគាំទ្រ សព្វបែបយ៉ាងទំាងសម្ភារៈមធ្យោបាយ ស្មារតី ជូនដល់សិស្សានុសិស្ស ដូច្នេះក្មួយៗ ត្រូវតែប្រឹង ប្រែងរៀនសូត្របន្ថែមទៀត ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអបាយមុខផ្សេងៗ។

លោក ហែម ស៊ីណារ៉េ ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានបញ្ជាក់ថា ឆ្នាំសិក្សា ២០១៨-២០១៩ កន្លងទៅនេះ រាជធានីភ្នំពេញ មានសិស្សពូកែជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ ៣ ពីថ្នាក់៩ ដល់ថ្នាក់ទី១២ តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈមានចំនួន ៣.៦០៩នាក់ សិស្ស ស្រី២.៤១១នាក់។ លទ្ធផលដែលសិស្សទទួលបាននាពេលនេះ គឺសិស្សានុសិស្សខ្លួនឯងផ្ទាល់បាន ព្យាយាមរៀនសូត្រ ក្នុងនាមជាកូនល្អ សិស្សល្អ ហើយលោកគ្រូ អ្នកគ្រូ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្រៀន។

យុវសិស្ស ដែលត្រូវចូលរៀន ក្នុងឆ្នាំសិក្សា២០១៩ និង ២០២០នេះ ក៏បានបង្ហាញពីជំហរក្នុងខិត ខំប្រឹងប្រៀងរៀនសូត្រ ដើម្បីឱ្យក្លាយជាសិស្សពូកែ និងទទួលបានលទ្ធផលល្អ ក្នុងពេលប្រលង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខ៕