លោក គន់ គីម ជួបពិភាក្សាជាមួយអង្គការ ភីន ប្រចាំកម្ពុជាពីប្រពន្ធ័ប្រកាសឱ្យដឹងមុនពីគ្រោះមហន្តរាយ ដប់ពីរកៅបួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 November, 2019 ក+ ក-

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រឹកថ្ងៃទី៤ វិច្ឆិកានេះ បានទទួលជួបពិភាក្សាការងារជាមួយលោក លូកាស ឡូបប៉េ  ប្រធានអង្គការ ភីន ប្រចាំកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ជាពិសេសប្រព័ន្ធ ប្រកាសឱ្យដឹងមុនពីគ្រោះមហន្តរាយ ដប់ពីរកៅបួន ដែលជូនដំណឹងដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធ ទូរស័ព្ទស្មាតហ្វូនចំនួន៣ប្រព័ន្ទគឺ ប្រព័ន្ធស្មាត.មិត្តហ្វូន និងម៉ូប៊ីថែល ។

ក្នុងជំនួបនេះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះអង្គការភីនប្រចាំកម្ពុជា ដែលបានខិតខំប្រឹងប្រែងបំពេញការងារ រួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការបានល្អប្រសើររវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការភីន តាមរយៈការគាំទ្រលើប្រព័ន្ធប្រកាសឱ្យ

ដឹងមុនពីគ្រោះមហន្តរាយដប់ពីរកៅបួននៅកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការល្អជាមួយអង្គការនេះ ដើម្បីនាំមកនូវជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់កិច្ចការពាក់ព័ន្ធនឹងវិស័យព័ត៌មានបច្ចេកវិទ្យាទំនើបដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន និងកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន ។

ជាមួយគ្នានេះផងដែរ តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម  បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈប្រធានអង្គការភីនប្រចាំកម្ពុជាជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសឆែក ដែលបាន និងកំពុងរួមចំណែកជួយជ្រោមជ្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ រួមទាំង វិស័យគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។ ក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តីបានស្នើឱ្យអង្កការភីន ជួយជូនដំណឹងដល់បណ្តាស្ថាប័នជាដៃគូ ឱ្យចូលរួមចំណែកពង្រឹងការងារគ្រប់គ្រងគ្រោះមហន្តរាយនៅ កម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតបលោក លូកាស ឡូបប៉េ ប្រធានអង្គការភីនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ការពិភាក្សាការងារថ្ងៃនេះ  ដោយលោកបានចាត់ទុកថាជាការបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហ ប្រតិបត្តិការល្អសម្រាប់ពេលខាងមុខ។

សូមជម្រាបថា៖ រហូតមកដល់ពេលនេះ សម្រាប់ប្រពន្ធ័ប្រកាសឱ្យដឹងមុនពីគ្រោះមហន្តរាយនៅ កម្ពុជា អង្គការភីនបានដំឡើងប្រពន្ធ័ដប់ពីរកៅបួនបានចំនួន ២១ខេត្តហើយ នៅសល់ពីនេះអង្គការមួយ នេះកំពុងអនុវត្តបន្ត និងមានគម្រោងដាក់អោយប្រព័ន្ធនេះអាចផ្សព្វផ្សាយដោយភ្ជាប់ជាមួយបណ្តាញសង្គម Facebook នៅពេលខាងមុខ ប្រយោជន៍ដើម្បីធានានូវការផ្សព្វផ្សាយឱ្យបានកាន់តែទូលំ ទូលាយ ជាពិសេសជូនដំណឹងពីគ្រោះមហន្តរាយបានដល់ក្រុមអ្នកងាយរងគ្រោះនៅកម្រិតមូលដ្ឋានដើម្បីបានចាត់វិធានការត្រៀម និងឆ្លើយតបបានទាន់ពេលវេលា៕