កូរ៉េខាងជើង ៖ គោលនយោបាយ​អរិភាព​របស់​អាមេរិក​កំពុង​រារាំង​កិច្ចចរចា​នុយក្លេអ៊ែរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 November, 2019 ក+ ក-

កូរ៉េខាងជើង ៖ ប្រទេស​កូរ៉េខាងជើង​បាន​វាយបក​វិញ​ចំពោះ​របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​ដែល​បានចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន​ដោយ​និយាយថា ការពណ៌នា​របស់​របា​យ​ការណ៍​នេះ​ដែលថា​ប្រទេស​កូរ៉េខាងជើង​គឺជា​អ្នក​ឧបត្ថម្ភ​ដល់​អំពើ​ភេរវកម្ម​គឺជា​ឧទាហរណ៍​មួយ​នៃ “​គោលនយោបាយ​អរិភាព​” របស់​សហរដ្ឋអាមេរិក​ដែល​កំពុង​រារាំង​កិច្ចចរចា​នុយក្លេអ៊ែរ​មិន​ឲ្យ​រីកចម្រើន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត KCNA នៅ​ថ្ងៃ​អង្គារ​។​

​មន្ត្រី​កូរ៉េខាងជើង ​និង​អាមេរិក​បាន​ជួបពិភាក្សា​គ្នា​ក្នុង​ខែតុលា​ជា​លើកដំបូង​ចាប់តាំងពី​ប្រធានាធិបតី​អាមេរិក​ លោក ​ដូ​ណា​ល់ ​ត្រាំ ​និង​មេដឹកនាំ​កូរ៉េខាងជើង​ លោក ​គីម ​ជុង​អ៊ុន ​បាន​យល់ព្រម​កាលពី​ខែមិថុនា​ក្នុង​ការបើក​កិច្ចចរចា​នុយក្លេអ៊ែរ​ឡើងវិញ ​ប៉ុន្តែ​ត្រូវ​បរាជ័យ​ដោយ​ប្រេសិត​កូរ៉េខាងជើង​និយាយថា សហរដ្ឋអាមេរិក​មិនបាន​បង្ហាញ​ភាពបត់បែន​ទេ​។

​សេចក្តីថ្លែងការណ៍​រប​ស់ KCNA ដែល​ដកស្រង់​សម្តី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​និយាយថា “​របាយការណ៍​នេះ​បានបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា ​ការបដិសេធ​របស់​សហ​រដ្ឋ​អាមេរិក​ទៅលើ​ប្រទេស​កូរ៉េខាងជើង​គឺ​បានចង្អុលបង្ហាញ​ពី​គោលនយោបាយ​អរិភាព​”​។​

​សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ថែមថា “​ផ្លូវ​នៃ​ការសន្ទនា​រវាង​កូរ៉េខាងជើង ​និង​សហរដ្ឋអាមេរិក​កាន់តែ​ចង្អៀត​ទៅៗ​ដោយសារតែ​អាកប្បកិរិយា​បែបនេះ​”​។ ​កាលពី​ខែមេសា លោក​គីម​ជុង​អ៊ុន​បានកំណត់​យក​ចុង​ឆ្នាំនេះ​ជា​ថ្ងៃ​ផុតកំណត់​សម្រាប់​កិច្ចពិភាក្សា​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។​

​របាយការណ៍​ស្តីពី​អំពើ​ភេរវកម្ម​ឆ្នាំ​២០១៨​របស់​ក្រសួងការបរទេស​អាមេរិក​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១​ខែវិច្ឆិកា​បានបញ្ជាក់​ជាថ្មី​ថា ​កូរ៉េខាងជើង​គឺជា​អ្នក​ឧបត្ថម្ភ​រដ្ឋ​នៃ​អំពើ​ភេរវកម្ម​ដោយនិយាយ​ថា “​រដ្ឋាភិបាល​កូរ៉េខាងជើង​បានផ្តល់​ការគាំទ្រ​ម្តង​ហើយ​ម្តងទៀត​ចំពោះ​សកម្មភាព​នៃ​អំពើ​ភេរវកម្ម​អន្តរជាតិ​ខណៈ​កូរ៉េខាងជើង​មាន​ជាប់ទាក់ទង​នឹង​ការធ្វើឃាត​លើទឹក​ដី​បរទេស​”​។ ​ជនជាតិ​កូរ៉េខាងជើង​ចំនួន​៤​នាក់​ត្រូវបាន​ប៉ូលិស​ម៉ាឡេស៊ី​កំណត់​អត្តសញ្ញាណ​ជា​ជនសង្ស័យ ក្នុងការ​ធ្វើឃាត​លោក​គីម​ជុង​ណា​ម​ដែលជា​បងប្រុស​របស់លោក ​គីម ​ជុង​អ៊ុន​៕