ប្រមុខដឹកនាំកម្ពុជា បានធ្វើនិវត្តន៍បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន៤ថ្ងៃនៅទីក្រុងបាងកក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 November, 2019 ក+ ក-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈ ប្រតិភូនិវត្តន៍មកដល់កម្ពុជាវិញហើយ ជាមួយនឹងលទ្ធផលផ្លែផ្កាជាច្រើនទាំងទ្វេភាគី អនុតំបន់ តំបន់ និងអន្តរជាតិ បន្ទាប់ពីបានចំណាយពេលវេលា ៤ថ្ងៃ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតជាច្រើន។

បើតាមការបញ្ជាក់របស់ លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកកាសែតនៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ថា សម្តេចតេជោ ហ៊ុន សែន បានចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន១១ ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន និងពិភពលោកផ្សេងទៀត ហើយក៏មានជំនួបទ្វេភាគីទៀតផង។ តាមរយៈកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ថ្នាក់ដឹកនាំកំពូលតំបន់ និងអន្តរជាតិ បានអនុម័តលើឯកសារសំខាន់ចំនួន៦ កត់សំគាល់ឯកសារចំនួន១០ និងបានចេញសេចក្តីប្រកាសឯកសារចំនួន៤ផ្សេងទៀត។

លោកបណ្ឌិតកៅ គឹមហួន បានវាយតម្លៃថា តាមរយៈកិច្ច ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលនេះ បានផ្តល់អត្ថប្រយោជន៏ ជាច្រើនសម្រាប់កម្ពុជា ក្នុងការពង្រីកនយោបាយការទូតកម្ពុជា ជាមួយទ្វេភាគី អនុតំបន់ តំបន់ និងអន្តរជាតិ តាមរយៈការគៀងគរជំនួយ និងហិរញ្ញប្បទាន សម្រាប់អភិវឌ្ឍប្រទេសជាតិ។

ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ កាលល្ងាចថ្ងៃទី៤វិច្ឆិកា ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្រ្តីថៃ បានប្រគល់ញញួរដល់ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ និងលើកទី៣៧ នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម ក្នុងឆ្នាំ២០២០ខាងមុខ។

លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើការប្តេជ្ញាចិត្តចំពោះមុខមេដឹកនាំអាស៊ាន ក្នុងការដឹកនាំធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២០ ឲ្យកាន់តែទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ពិសេស គឺដើម្បីបម្រើឲ្យផលប្រយោជន៍ នៃប្រជាជនអាស៊ានទាំងជាង ៦៥០លាននាក់៕