ពលរដ្ឋខ្មែរដែលជាសកម្មជនអតីតគណបក្សសង្រ្គោះជាតិ២នាក់ត្រូវអាជ្ញាធរម៉ាឡេស៊ីចាប់ ខណៈកំពុងរង់ចាំជើងហោះហើរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2019 ក+ ក-

គូឡាឡាំពួរ ៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា អាជ្ញាធរម៉ាឡេស៊ីបានចាប់ និងឃុំខ្លួនពលរដ្ឋកម្ពុជាពីរនាក់ ដែលជាសកម្មជនគណបក្សប្រឆាំង ខណៈដែលពួកគេកំពុងរង់ចាំ ជើង ហោះហើរធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសថៃ ក្នុងគោលបំណងចូលរួមសកម្មភាពជាមួយ សម រង្ស៉ី និងបក្ខពួក ដើម្បីប្រឆាំងរាជរដ្ឋាភិបាល។

ទីភ្នាក់ងារព័ត៌មាន Reuters ផ្អែកលើប្រភពបានមកពីគណៈកម្មាការសិទ្ធិមនុស្សម៉ាឡេស៊ី បានឱ្យដឹងទៀតថា សកម្មជនបក្សប្រឆាំងទាំងពីរនាក់ខាងលើ មានម្នាក់ជាអ្នកសុំសិទ្ធិជ្រកកោន ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ចាប់និងឃុំខ្លួន ជាបណ្ដោះអាសន្នកាលពីយប់ថ្ងៃចន្ទ ហើយត្រូវបានបណ្ដេញឱ្យត្រឡប់ទៅប្រទេសកំណើត របស់ពួកគេវិញ នៅរសៀលថ្ងៃអង្គារនេះ។ ប៉ុន្តែខាងនាយកដ្ឋានអន្តោប្រវេសន៍ និងក្រសួងការបរទេសម៉ាឡេស៊ី រួមទាំងអង្គការ UNHCR មិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ ជុំវិញព័ត៌មាននេះ។

បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ពលរដ្ឋខ្មែរទាំងពីរនាក់ខាងលើ គឺជាសមាជិកអតីតគណបក្សសង្រ្គោះជាតិ (CNRP) ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាក្រុមឧទ្ទាមក្រៅច្បាប់។ ទោះបីយ៉ាងណានៅមិនទាន់ដឹងច្បាស់អំពីអត្តសញ្ញាណអ្នកទាំងពីរនាក់នោះទេ៕